ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់គាបជាប់នៅក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ខណៈបើករថយន្តធុនធំបុករះបង្គោលស្លាកប៉ាណូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយធុនធំសង្ស័យងោកមួយភាំងបើកឡើងសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោលស្លាកប៉ាណូ បាក់រាបដល់ដី ចំណែកអ្នកបើករថយន្តគាបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត១០យប់ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវលេខ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-1656 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តជាច្រើនគ្រឿងឈប់បន្ត កន្ទុយគ្នានៅនឹងស្តុប ខណ:នោះសង្ស័យអ្នកបើកបរងោកមួយភាំង បានរ៉េចង្កូតជ្រុលឡើងលើសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោលប៉ាណូ ផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យដែកបង្គោលប៉ាណូ ផ្ទប់ជាប់ជាមួយកាប៊ីនរថយន្តគាបជាប់ជើងអ្នកបើកបររើមិនរួច។

ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្បែរកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបាននាំគ្នា យកដែកជួយគាស់ ដើម្បីជួយសង្គ្រោះអ្នកបើកដែលគាបជាប់នៅក្នុងកាប៊ីន តែគាស់មិនបាន ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏បានហៅរថយន្តស្ទូចមួយគ្រឿង ដែលបានបើកឆ្លងកាត់នៅកន្លែងកើតហេតុ ឲ្យជួយយកខ្សែកាបថ្ពក់ជាប់នឹងកាប៊ីនទាញ ទើបអាចយកអ្នកបើកបរចេញពីរថយន្តបាន រួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖