ព័ត៌មានទាន់ហេតុការណ៍៖

លោកផៃ ប៊ុនឈឿនពិធីធ្វើបទង្ហាញជ្រើសរើសយកចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ នៃអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងបរិស្ថាន លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំពីធីធ្វើបទបង្ហាញនិងដាក់ពិន្ទុដើម្បីជ្រើសរើសយកជ័យលាភីលេខ១ ដល់លេខ៥ ជាអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០។ ដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ក្រសួងបរិស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្ថាប័នគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ចូលរួមក្នុងការប្រកួតប្រជែងជាជ័យលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថានតាមរយៈការរៀបចំពង្រឹង និងកែសម្រួលលក្ខណៈវិនិច្ឆ័យគោលរបស់ខ្លួនរួមមាន៖

១.គុណភាព ប្រសិទ្ធភាព និងទទួលសេវារដ្ឋបាល

២.ការងារជំនាញរបស់អង្គភាព

៣.ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអង្គភាព

៤.ការរៀបចំ និងកែល្អបរិស្ថានក្នុងអង្គភាព

៥. ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និងដៃគូអភិវឌ្ឍ

៦.គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអង្គភាពមានដំណើរការកាន់តែប្រសើរ និងការប្តេជ្ញាចិត្តក្នុងការកែល្អបន្ត។

ក្នុងឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានរៀបចំជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថានទៅលើ៤ អនុវិស័យនិងមានបេក្ខភាពដែលត្រូវជ្រើសរើសដូចតទៅ

១.អង្គភាពគំរូក្នុងអនុវិស័យនាយកដ្នាន៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គាធិការដ្ឋាន នាយកដ្ឋានជីវចម្រុះ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(ស្ទួន)។

២.អង្គភាពគំរូក្នុងអនុវិស័យមន្ទីរបរិស្ថានរាជធានី ខេត្ត៖ មន្ទីរបរិស្ថានខេត្តកំពង់ធំ មន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ទីរបរិស្ថានខេត្តកំពត។

៣.អង្គភាពគំរូក្នុងអនុវិស័យតំបន់ការពារធម្មជាតិ៖ ដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ឧទ្យានជាតិកែបខេត្តកែប ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ឧទ្យានជាតិវីរៈជ័យខេត្តរតនគិរី និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ ។

៤.អង្គភាពគំរូក្នុងអនុវិស័យសហគមន៍តំបន់ការពារធម្មជាតិ៖ សហគមន៍ត្មាតប៉ើយ-ធឿនក្រសាំងខេត្តព្រះវិហារ សហគមន៍អូរជាំខេត្តបាត់ដំបង សហគមន៍ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ៍សាត់ សហគមន៍ព្រៃធំ អន្លង់ធំខេត្តសៀមរាប និងសហគមន៍ពាមក្រសោបខេត្តកោះកុង៕ដោយ៖ស សម


ចែករំលែក៖