ខេត្តកោះកុង ៖ បើកូនគ្រប់រូប បានដឹងពីការពពោះរបស់ម្តាយ ដើម្បីផ្តល់កំណើតឱ្យកូនប្រុស-ស្រី បានឃើញពន្លឺព្រះអាទិត្យ រស់រានមានជីវិត គឺស្ត្រីជាមាតាពិភពលោក គាត់លំបាកណាស់ ទើបគេប្រៀបដូចការហែលឆ្លងទន្លេ ទឹកសែនជ្រៅ ជួប ព្យុះ ខ្យល់ ភ្លៀង។
មើលចុះ យោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តកោះកុងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា ស្ត្រីម្នាក់ឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឈឺពោះសម្រាលកូននៅលើស្ពានកោះកុង ហេីយត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុងចុះទៅជួយសង្គ្រោះ និងសម្រាលកូននៅលើស្ពានកោះកុងបានដោយជោគជ័យ ។ បន្ទាប់មក ក៏បានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត ។
ស្ត្រីជាម្តាយ លំបាកគ្រប់យ៉ាងដើម្បីជីវិតកូន ដូច្នេះហើយ សូមកូនប្រុស-ស្រី គោរពប្រណិប័តន៍អ្នកមានគុណរបស់យើង ដោយចិត្តសទ្ធាជ្រះថ្លា ៕
ដោយ៖សិលា