ព័ត៌មានទាន់ហេតុការណ៍៖

ប្រសិនគ្មានការប្រែប្រួលទេ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) នឹងចូលជាធរមាននៅ ៩០ថ្ងៃខាងមុខទៀត

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) នៅថ្ងៃទី២៤ ខែតុលាថ្មីៗនេះថា៖ បន្ទាប់ពីប្រទេសទី៥០ ហុងឌូរ៉ាស បានផ្តល់សច្ចាប័ន នឹងប្រសិនគ្មានការប្រែប្រួលទេ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)  នឹងចូលជាធរមាននៅ ៩០ថ្ងៃខាងមុខទៀត។

សូមជម្រាបថា នៅក្នុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងចូលជាធរមាន។ដើម្បីអាចចូលជាធរមានបាន សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ត្រូវការប្រទេសចំនួន៥០ ក្នុងការផ្តល់សច្ចាប័ន។ ខណៈប្រទេសចុងក្រោយ គឺហុងឌូរ៉ាស ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិមួយនេះ។

បើតាមលោក Peter Maurer ប្រធានគណៈកម្មាធិការអន្តរជាតិរបស់អង្គការកាកបាទក្រហម ក៏បានសាទរចំពោះដំណឹងល្អនេះដែរ ដោយលោកបានលើកឡើងថា ថ្ងៃនេះ គឺជាជោគជ័យមួយសម្រាប់មនុស្សជាតិ ហើយពិភពលោក នឹងកាន់តែមានសុវត្ថិភាពជាងមុន។

ដោយឡែកជុំវិញនឹងការផ្តល់សច្ចាប័នគ្រប់ចំនួននេះ អង្គការអន្តរជាតិ បានអបអរសាទរ ចំពោះដំណឹងល្អមួយនេះ។ ដោយសរសេរលើបណ្តាញសង្គមTwitter របស់ខ្លួន យុទ្ធនាការអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរ(ICAN) បានលើកឡើងថា ហុងឌូរ៉ាស គឺជាប្រទេសទី៥០ដែលបានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរ ដែលនេះគឺការបង្កើតប្រវត្តិសាស្រ្តថ្មីមួយ។

គួរបញ្ជាក់ដែរថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះ មានប្រទេសចំនួន៨៤ បានចុះហត្ថលេខា ប៉ុន្តែមានតែប្រទេសចំនួន ៥០ប៉ុណ្ណោះដែលបានផ្តល់សច្ចាប័ន។ បន្ថែមពីលើនេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ដែលមានបារាំង អង់គ្លេស អាមេរិក រុស្ស៊ី ចិន មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិនេះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP

ដោយ៖ស តារា


ចែករំលែក៖