ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ស្នើទៅព្រះមហាក្សត្រឲ្យដាក់ប្រទេសក្នុងស្ថានភាពអាសន្ន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីលោក Muhyiddin Yassin នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានស្នើទៅព្រះមហាក្សត្រឲ្យដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅថ្ងៃទី២៥ខែតុលា ម្សិលមិញនេះព្រះមហាក្សត្រម៉ាឡេស៊ី នឹងជជែកពិភាក្សាជាមួយអ្នកតំណាងរដ្ឋម៉ាឡេស៊ី ជុំវិញបញ្ហាដាក់រដ្ឋក្នុងស្ថានភាពអាសន្ន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជរាំងនៅថ្ងៃទី២៤ ខែតុលា។

បើយោងតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២៤ ខែតុលារាជវាំងម៉ាឡេស៊ី មិនបានលើកឡើងពីសំណើប្រកាសដាក់ស្ថានភាពអាសន្នរបស់នាយករដ្ឋមន្រ្តីឡើយ ដោយលើកឡើងថា ព្រះមហាក្សត្រម៉ាឡេស៊ី នឹងជួបជាមួយអ្នកតំណាងរដ្ឋម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍រាជរាំងម៉ាឡេស៊ីបានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រះអង្គ Al-Sultan Abdullah គឺដឹងច្បាស់ណាស់ពីតម្រូវការរដ្ឋបាលរបស់ប្រទេស ដើម្បីបន្តដោះស្រាយការគំរាមកំហែងពីCOVID-19 »

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលាថ្មីៗនេះ លោកMuhyiddin Yassin ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានជួបជាមួយព្រះមហាក្សត្រម៉ាឡេស៊ីនិងធ្វើបទបង្ហាញស្តីពីការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន រួមមានការផ្អាកការប្រជុំសភាម៉ាឡេស៊ី នៅចំពោះមុខទ្រង់។ យ៉ាងណាក៏ដោយបញ្ហានេះ ត្រូវបានលោក Anwar Ibrahim មេដឹកនាំបក្សប្រឆាំង ថ្កោលពីបញ្ហានេះ ដោយសំអាងថា គឺជាលេសរបស់នាយករដ្ឋមន្រ្តី ដើម្បីរក្សាអំណាច។ កន្លងមកលោកAnwar ធ្លាប់អះអាងថា មានសម្លេងគ្រប់គ្រាន់នៅក្នុងសភា ក្នុងការទម្លាក់នាយករដ្ឋមន្រ្តី។

បើតាមការចុះផ្សាយរបស់កាសែត The star ក៏បានបញ្ជាក់ពីប្រភពដែលស្និត នឹងការស្នើដាក់ប្រទេសស្ថានភាពអាសន្ននេះ បានអះអាងថាមហាក្សត្រម៉ាឡេស៊ី នឹងជួបជាមួយអ្នកតំណាងរដ្ឋម៉ាឡេស៊ី នៅម៉ោង២ និង៣០ ថ្ងៃហើយបន្ទាប់មកព្រះហាក្សត្រ នឹងផ្តល់សេចក្តីសម្រេចដល់នាយករដ្ឋមន្រ្តី។

សូមជម្រាបថា បើសិនគ្មានការប្រែប្រួលទេ សំណើហិរញ្ញវត្ថុម៉ាឡេស៊ីឆ្នាំ២០២១ នឹងត្រូវអនុម័តនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខ។ ការអនុម័តនេះត្រូវបានគេចោទជាសំណួរ ថាតើវាអាចទទួលបានសម្លេងគ្រប់គ្រាន់ឬអត់។បើសិនបើមិនអាចទេ ការអនុម័តនោះ អាចចាត់ទុកបានថាលោកMuhyiddin មិនសាកសមកាន់តំណែងជានាយករដ្ឋមន្រ្តីបានទៀតទេហើយថែមទាំងអាចឈានដល់ការបោះឆ្នោតថ្នាក់ជាតិថែមទៀត។

ដោយឡែកចំពោះការស្នើឲ្យដាក់រដ្ឋក្នុងស្ថានភាពអាសន្ននេះ ធ្វើឡើងស្របពេលករណីCOVID-19 នៅម៉ាឡេស៊ីកើនឡើងជាថ្មី និងបញ្ហាប្រឈមពីការដណ្តើមអំណាចពីលោកAnwar

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពិសេសមួយ រដ្ឋាភិបាលម៉ាឡេស៊ី បានឯកភាពថា ការប្រកាសស្ថានភាពអាសន្ន នឹងបង្អាក់ការប៉ុនប៉ងធ្វើឲ្យអស្ថិរភាពនយោបាយម៉ាឡេស៊ី។ ក្នុងស្ថានភាពអាសន្ននេះ សភានឹងមិនអាចបើកកិច្ចប្រជុំបានទេចំណែកច្បាប់វិញត្រូវបានអនុម័តតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ៕ដោយ៖ស តារា


ចែករំលែក៖