ព័ត៌មានទាន់ហេតុការណ៍៖

ទោះជួបស្នេហ៍ជាមួយនារីទ្រព្យស្តុកស្តម្ភក៏ ណាខុន មិនបោះបង់ចោលសិល្បៈឡើយ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រស់សង្ហា លោក ណាខុន បានធ្វើឲ្យអ្នកនៅក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកបានបង្ហាញមុខគូស្នេហ៍ជាមួយនារីម្នាក់។ បើទោះបីជានារីដែលលោកផ្តើមទំនាក់ទំនងស្នេហ៍នោះជានារីមានមុខជំនួញច្រើនក្នុងដៃមែន ប៉ុន្តែលោកនៅតែបន្តការងារសិល្បៈធម្មតា។
​ការបញ្ជាក់នេះធ្វើឡើងក្រោយពីតារាសម្តែងប្រុស ក្រិច ណាខុន នៅតែក្តាប់បានតំណែងទីផ្សារខ្ពស់បើធៀបនឹងតារាសម្តែងរួមជំនាន់។ ថ្មីនេះលោកទើបនឹងបង្ហាញមុខក្នុងស្នាដៃសម្តែងក្នុងភាពយន្ត ពិសេសភាពយន្តភាគច្រើនបន្តបន្ទាប់ដូចរឿង”ប្រពន្ធ” ជាដើម។ ក្នុងនោះលោកក៏ទើបនឹងបញ្ចប់ការថតភាពយន្តភាគថ្មីរបស់ទូរទស្សន៍មួយក្នុងរឿង”សណ្តានហង្សផងដែរ។ខណៈដែលការងារសិល្បៈជាច្រើនត្រូវបានតារាសម្តែងរូបនេះទទួលបានរួមទាំងការប្រកាសចេញថតភាពយន្តថ្មីគឺរឿង “ព្រហ្មលិខិតលម្អៀង” រួមទាំងស្នាដៃសិល្បៈហូរហែបន្តបន្ទាប់។ អ្នករួមអាជីពលើកឡើងថា អនាគតភរិយា តារាសម្តែងណាខុន មានមុខជំនួញធំដុំជាច្រើកន្លែងពិសេសជំនួញលើអចលនទ្រព្យតែម្តង។ ប្រភពលើកសរសើរពីអត្តចរិករបស់តារាសម្តែងណាខុន ដែលមិនដែលសម្ញែងពីភាពមានបានឬល្បីល្បាញរបស់ខ្លួន គឺនៅតែបន្តរក្សាអត្តចរិក និងបន្តការងារសិល្បៈដដែលបើទោះបីជាអាចមានលទ្ធភាពបង្កើតមុខជំនួញ ឬអាជីវកម្មដោយខ្លួនឯងបានយ៉ាងងាយក្រោមការជួយជ្រោមជ្រែងពីអនាគតភរិយា។ ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈលើកឡើងដែរថា ណាខុន ក៏មិនចាំបាច់ប្រឹងប្រែងការងារសិល្បៈច្រើនដូចមុនច្រើនពេកដែរខណៈដែលលោកត្រូវការពេលវេលាខ្លះនៅកៀកកិតជិតគូស្នេហ៍ ខណៈកន្លងមកលោកធ្លាប់បានធ្វើដំណើរ រួមជាមួយគូស្នេហ៍ទៅកាន់តំបន់កម្សាន្តល្បីៗជាមួយនៅកម្ពុជា។
​ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះលោក ណាខុន លើកឡើងថា អនាគតភរិយារបស់លោកមិនបានសុំឲ្យលោកបញ្ចប់ការងារសិល្បៈដើម្បីងាកទៅចាប់អាជីពណាថ្មីបន្ថែមទេ ។ លោកថាលោកនៅមិនទាន់មានគម្រោងបង្កើតមុខរបរថ្មីបន្ថែមទៀតនោះដែរ ខណៈការងារសិល្បៈនៅតែមានបន្តបន្ទាប់។ លោកថាការបើកមុខរបរថ្មីគឺត្រូវការពេលវេលាមួយសមរម្យនិងគិតគូរច្រើន ហើយប្រសិនបើថ្ងៃក្រោយលោកអាចចាប់ការងារជាអ្នករកស៊ីរួមជាមួយអនាគតភរិយាគឺត្រូវមើលតាមជាក់ស្តែងសិន៕

ដោយ៖វឌ្ឍនា


ចែករំលែក៖