ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃសៅរ៍.អាទិត្យ ៨.៩កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤.២៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីហិង្សាដោយចេតនាកើតឡើងចំនួន៣ករណីផ្សេងគ្នា នៅខេត្តពោធិ៍សាត់បណ្ដាលឲ្យភាគីម្ខាងៗរងរបួសរយះក្បាលឈាមហូរដូចអារ.កមាន់ចំនួន៤នាក់ ក្នុងនោះក៏បានឃាត់ខ្លួន២នាក់រួមទាំងមធ្យោបាយ និងវត្ថុតាង(ដាវ និងកាំបិត)ផងដែរ ។
មន្រ្តីនគរបាលស្រុកបាកានបានឲ្យដឹងថា ករណីនេះកើតឡើងស្ថិតនៅភូមិបត់គគីរចាស់ ឃុំអូរប៉ោង ស្រុកបាកាន(ករណី)ដោយបុរសទើបចេញពីមណ្ឌលអប់រំកែប្រែមានទីលំនៅភូមិ.ឃុំកើតហេតុបានទាញកាំបិតផ្គាក់កាប់លើគូទំនាស់ដែលមានទីលំនៅភូមិ.ឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសចំនួន៤កន្លែង ។ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យដៃដល់រួមទាំងវត្ថុតាងបន្តនីតិវិធីតាមផ្លូវច្បាប់ ។
មន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា លុះនៅថ្ងៃបន្ទាប់នៅត្រង់ចំណុចមុខវិទ្យាល័យរំលេច ស្ថិតនៅភូមិ.ឃុំរំលេច ស្រុកបាកាន បានកើតឡើង១ករណីទៀត ដោយជនរងរបួសម្នាក់ជិះម៉ូតូ១គ្រឿងមកដល់កន្លែងកើតហេតុ ត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់១កាំបិត រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ដោយឡែក មន្ត្រីនគរបាលក្រុងពោធិ៍សាត់ឯនេះវិញបានឲ្យដឹងដែរថា នៅយប់ថ្ងៃដដែលនោះមានករណីបែបនេះ១ករណីដែរ នៅចំណុចសួនច្បារមុខសាលាខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ដោយក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នានិងបង្ហូរឈាមគ្នា នៅចំណុចសួនច្បារមុខសាលាខេត្តពោធិ៍សាត់បណ្ដាលឲ្យរយះក្បាលហូរឈាមស្រោចខ្លួន២នាក់។ក្នុងករណីនេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនដៃដល់ម្នាក់និងដកហូតម៉ូតូចំនួន៣គ្រឿង និងដាវ២ដើម ដើម្បីបន្តនីតិវិធី ៕
ដោយ៖បុឹម ពិន