អន្តរជាតិ៖ ទីបំផុតរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនលក់អាវុធ និងបច្ចេកវិទ្យារបស់អាមេរិក ដែលបានលក់អាវុធឲ្យកោះតៃវ៉ាន់នាពេលថ្មីៗនេះ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី២៦ខែតុលា ម្សិលមិញនេះ។
បើតាមការអះអាងពីក្រសួងការបរទេសចិន ថ្ងៃទី២៦ ខែតុលាបានប្រកាសពីចំណាត់ការលើអាមេរិក ដែលបានលក់អាវុធឲ្យតៃវ៉ាន់។ជាក់ស្តែង លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីការពារផលប្រយោជន៍ជាតិចិន រដ្ឋាភិបាលសម្រេចចាត់វិធានការដ៏សំខាន់បំផុតដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលចូលរួមលក់អាវុធឲ្យតៃវ៉ាន់»។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែតុលាថ្មីៗនេះ ក្រសួងការបរទេសអាមេរិកបានអនុញ្ញាតជាផ្លូវការក្នុងការលក់អាវុធឲ្យតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ១,៨ពាន់លានដុល្លារ។ អាវុធប្រភេទនោះមានដូចជា៖ ឧបករណ៍សម្រាប់ផ្តល់សញ្ញា (Sensor), មីស៊ីល និងរថយន្តបាញ់គ្រប់រ៉ុក្កែតជាដើម។ បន្ទាប់ពីសេចក្តីប្រកាសខាងលើ ចិនបានចេញមកព្រមានអាមេរិកឲ្យលុបចោលការលក់អាវុធ និងព្រមានចាត់វិធានការឲ្យសមស្របបំផុត។
ក្រសួងការបរទេសចិន បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាមេរិកទាំងនោះរួមមាន៖ ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon។ ចំពោះការដាក់ទណ្ឌកម្មនេះ គឺផ្អែកលើកំណត់ត្រាដ៏ច្រើនលើសលុប ដែលក្រុមហ៊ុនបានលក់អាវុធឲ្យតៃវ៉ាន់។យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានបញ្ជាក់ពីទំហំកំណត់ត្រា ឬព័ត៌មានលម្អិតនៃទណ្ឌកម្មដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។
គួរបញ្ជាក់ផងថា នេះមិនមែនជាលើកទី១ទេ ដែលទីក្រុងប៉េកាំងប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលបានលក់អាវុធឲ្យតៃវ៉ាន់។ព្រោះកន្លងទៅកាលពីខែកក្កដា ក្រសួងការបរទេសចិន ក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin ដែរ បន្ទាប់ពីអាមេរិកយល់ព្រមលក់គ្រឿងបង្គុំខែលការពារមីស៊ីល Patriot ឲ្យតៃវ៉ាន់ ក្នុងតម្លៃ៦២០លានដុល្លារផងដែរ៕
ដោយ៖ស តារា