ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានី និងខណ្ឌមានជ័យ សន្យាស្តារប្រឡាយលូជាច្រើនខ្សែ នៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវប្រាំងខាងមុខ

ចែករំលែក៖

     ភ្នំពេញ៖  អាជ្ញាធររាជធានី និងខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើនខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវប្រាំងខាងមុខនេះ ដើម្បីបញ្ជៀសការជន់លិចនៅឆ្នាំក្រោយ ។ 

   អាជ្ញាធររាជធានីភ្នំពេញ និងខណ្ឌ មានជ័យបានសន្យាបែបនេះនៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានី ធ្វើជាមួយប្រជាពលរដ្ឋនៅខណ្ឌមានជ័យ កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី និងលោក នួន ផារ័ត្ឋ អភិបាលរងរាជធានី។

     លោក ពេជ្រ កែវមន្នី អភិបាលខណ្ឌមានជ័យ បានឱ្យដឹងថា រដ្ឋបាលខណ្ឌបានលើកផែនការរួចរាល់ហើយក្នុងការស្តារប្រឡាយ លូ មួយចំនួននៅក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ចាក់អង្រែក្រោម បឹងទំពុនទី២ និងស្ទឹងមានជ័យនាឆ្នាំ២០២១ខាងមុខដើម្បីបើកផ្លូវមុខទឹកឱ្យកាន់តែធំ ដែលរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ ដើម្បីសម្រាលការលំបាក និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

    ការសន្យារបស់អភិបាលខណ្ឌមានជ័យគឺបានឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋដែលបានលើកឡើងពីក្តីកង្វល់របស់ខ្លួននៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ 

    ក្រុមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងរដូវវស្សានេះពួកគាត់បានប្រឈមការលិចលង់ជាច្រើនដោយជំនន់ទឹកភ្លៀង ធ្វើឱ្យពិបាកក្នុងការរស់នៅ និងការធ្វើដំណើរជាដើម ដោយសារបញ្ហាស្ទះលូ។

    លោកពេជ្រ កែវមុន្នី  អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា តំបន់ខណ្ឌមានជ័យមានការខ្វះខាតច្រើននូវប្រព័ន្ធរំដោះទឹក ប៉ុន្តែអាជ្ញាធរខណ្ឌបានលើកផែនការក្នុងការស្តារប្រឡាយលូ និង អភិវឌ្ឍប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែមទៀតនាឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ។ លោកបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យតំបន់នោះជន់លិចដោយសារទឹកភ្លៀង គឺភាគ ច្រើនបណ្តាលមកពីកក្តាមនុស្សដោយចោលសំរាមពុំបានត្រឹមត្រូវ ដាក់នៅមាត់លូ និងការបិទមាត់លូ ធ្វើឱ្យស្ទះចរន្តទឹកហូរ។ ម្យ៉ាងវិញទៀតប្រឡាយមេមួយចំនួនត្រូវបានរំលោភដោយប្រជាពលរដ្ឋសង់លំនៅឋាននៅលើប្រឡាយ កកស្ទះសំរាម និងកំណកដី ហើយអាជ្ញាធរពិបាកចូលទៅស្តារ ដែលនាំឱ្យប្រឈមនឹងការជន់លិច។

         បញ្ហាលូស្ទះនេះធាតុពិតគឺរដ្ឋបាលខណ្ឌក៏បានធ្វើគម្រោងដើម្បីស្តារនៅក្នុងឆ្នាំ២០២០នេះដែរ ប៉ុន្តែយឹតយ៉ាវដោយសារបញ្ហាតម្រង់ទិសថវិកាទៅមួយផ្នែកទៀត។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនថាកក្តាដែលនាំឱ្យលូស្ទះគឺមានបញ្ហាច្រើន ដូចជាសំរាមដាក់នៅមាត់លូ ប្រជាពលរដ្ឋបិទ្ធមាត់លូនេះជាបញ្ហា។ ខ្ញុំសូមសំណូមពរប្រជាពលរដ្ឋ និងសង្កាត់ពាក់ព័ន្ធឱ្យចលនាបើកមាត់លូឡើងវិញ។ រដ្ឋបាលខណ្ឌនឹងចុះសិក្សាបន្ថែមទៀតចំពោះតំបន់ណាដែលមិនទាន់មានលូគឺដាក់លូ ក្នុងកម្រិតដែលអាចធ្វើបាន ដូចជាកម្រិតសង្កាត់ និងខណ្ឌ ប៉ុន្តែបើលើសពីនេះគឺដាក់សំណើទៅរាជធានី។

  លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានគាំទ្រចំពោះគម្រោងផែនការស្តារលូប្រឡាយក្នុងតំបន់ភូមិសាស្រ្តដែលលិចលង់ដោយជំនន់ទឹកភ្លៀងនេះ  ដើម្បីបញ្ជៀសការជន់លិចនាឆ្នាំក្រោយ។ លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការដោះស្រាយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងនេះ ដោយបានស្តារ និងអភិវឌ្ឍប្រព័ន្ធប្រឡាយលូមេធំៗជាច្រើន រួមទំាងបំពាក់ម៉ាស៊ីនបូមទឹកទំនើបៗ ដើម្បីពន្លឿនការបូមទឹកចេញទៅក្រៅក្រុងឱ្យបានលឿនដែលរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ។

       លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ទុក្ខកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែល បានលើកជាសំណើនៅក្នុងវេទិកាសាធារណៈនេះ អាជ្ញាធរនឹងដោះស្រាយជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៅតាមជំនាញ ខណៈក្នុងវេទិកាសាធារណៈនេះ ប្រជា 

ពលរដ្ឋបានលើកជាសំណួរ និងសំណើផ្ទាល់មាត់ ចំនួន១១ និងដោយប្រអប់សំបុត្រចំនួន៤៦បញ្ហា៕ដោយ៖ សំរិត


ចែករំលែក៖