ភ្នំពេញ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះដែលមានការចូលរួមពីលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ផ្តោតសំខាន់ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណ២ពាន់នាក់ក្រោយអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលាស្អែកនេះនៅក្នុងសង្កាត់កោគរការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះលោកសុខ សម្បតិ្ត បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយជាខ្លាំង ដែលមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ២០០០នាក់ រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌព្រែកព្នៅយើងនេះ។
លោកបន្តថា សូមឲ្យកងកងកម្លាំងមានសមត្ថកិច្ចទាំងពីថ្នាក់ភូមិ សង្កាត់រហូតដល់ថ្នាក់ខណ្ឌគ្រប់ជាន់ថ្នាក់ត្រូវជួយសម្រួលរៀបចំ និងការពារសណ្តាប់ក្នុងពិធីចែកអំណោយនេះឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីកិត្តិយសរបស់យើងទាំងអស់គ្នា។
លោកបញ្ជាក់ថា សូមឲ្យសមត្ថកិច្ចទាំងអស់ ពិសេសសមត្ថកិច្ចប៉ូលិស ត្រូវចុះត្រួតពិនិត្យឲ្យបានល្អនូវក្មេងទំនើង អ្នកប្រព្រឹតគ្រឿងញៀន និងអ្នកលេងល្បែងគ្រប់ប្រភេទពិសេស កុំឲ្យកើតមានឲ្យសោះក្នុងថ្ងៃចែកអំណោយនេះ។ បន្ទាប់ពីកិច្ចប្រជុំនោះរួចមក លោកសុខ សម្បត្តិ និងក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់បានទៅត្រួតពិនិត្យទីតាំងចែកអំណោយ ដែលកំពុងរៀបកៅអីជាង២០០០ពាន់ និងសម្រួលក្នុងការដឹកអង្ក និងសម្ភារៈផ្សេងៗទៀតមកកាន់កន្លែងពីធីផងដែរ៕
ដោយ៖ ព្រែកសំរោង