ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារត្រាក់ទ័រក្រឡាប់សង្កត់ នៅគ្រាកំពុងធ្វើសកម្មភាពឈូសដីមួយកន្លែង ។
ហេតុការណ៍ក្រឡាប់ត្រាក់ទ័រសង្កត់តៃកុងស្លាប់ខាងលើ បានកើតឡើងនាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចជើងភ្នំ៨០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
តៃកុងត្រាក់ទ័ររងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ទួន សុងហាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ករណីក្រឡាប់ត្រាក់ទ័រសង្កត់បណ្ដាលឲ្យអ្នកបើកបរស្លាប់នេះ មូលហេតុៈ បើកឡើងលើដំបូកក៏ភ្លាត់ស្នៀតក្រឡាប់បែបនេះ សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវត្រឹមត្រូវ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី នេះបើយោងតាមប្រភពពីមន្រ្តីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ៕
ដោយ៖ បុឹម ពិន