អាកាសយានដ្ឋាននៅតំបន់ដែលព្យុះលេខ៩មានឈ្មោះអន្តរជាតិថាជាព្យុះMolave ឆ្លងកាត់ ត្រូវបានផ្អាកការហោះហើរដើម្បីសុវត្ថិភាព ។ អាកាសយានដ្ឋានចំនួន៥ត្រូវបានផ្អាក ហើយនៅវេលាម៉ោង១៦ថ្ងៃទី២៨ខែតុលា នឹងត្រូវហោះហើរឡើងវិញ ។
ដោយឥទ្ធិពលនៃព្យុះ Molave ចាប់ពីវេលាម៉ោង១៨ ថ្ងៃទី២៧ខែតុលា នាយកដ្ឋានអាកាសចរណ៍វៀតណាមបានផ្អាកការហោះហើរនៅអាកាសយានដ្ឋានចំនួន៤ក្នុងនោះមានអាកាសយានដ្ឋាន ជូឡាយ នៅខេត្តក្វាងណាម ។អាកាសយានដ្ឋាន ភូកាក ខេត្តប៊ិញឌិន អាកាសយានដ្ឋានទីក្រុងដាណាង និងអាកាសយានដ្ឋានទីហ្វា ខេត្តភូអៀង។ ដោយឡែកអាកាសយានដ្ឋាន Pleiku ខេត្ត យ៉ាឡាយនឹងផ្អាកហោះហើរចាប់ពីវេលាម៉ោង២១ ថ្ងៃទី២៧ខែតុលា ដល់ម៉ោង១៩ថ្ងៃទី២៨ខែតុលា។
នាយកដ្ឋានអាកាសចរណ៍វៀតណាមបានឲ្យដឹងថា នេះជាព្យុះមានកម្លាំងខ្លាំង ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនត្រូវធ្វេសប្រហែសឡើយ ត្រូវមានវិធានការការពារសុវត្ថិភាពដល់អ្នកដំណើរ ។
ព្យុះ Molaveមានល្បឿនខ្យល់រហូតដល់ទៅ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង មកកាន់ភាគកណ្តាលប្រទេសអាស៊ានមួយនេះ ខណៈប្រជាជននៅតំបន់វាលទំនាបជាប់ឆ្នេរសមុទ្រកំពុងប្រញាប់ប្រញាល់ភៀសខ្លួនឲ្យបានលឿនបំផុត។
បើតាមទីភ្នាក់ងារឧតុនិយមវៀតណាម ព្យុះទីហ្វុង Molave នឹងមកដល់ដែនដីភាគកណ្តាលរបស់ខ្លួននៅព្រឹកថ្ងៃទី២៨ខែតុលា បន្ទាប់ពីវាបានបោកបក់នៅហ្វីុលីពីនកាលពីចុងសប្តាហ៍មុន ដោយបានផ្តាច់ជីវិតមនុស្ស៣នាក់ និង ១៣នាក់ទៀតបាត់ខ្លួន ខណៈប្រជាជនហ្វីុលីពីនជាង១២០,០០០នាក់ទៀតត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន៕ដោយ៖ធី រីណា