ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម លឹម គានហោ សូមក្រាបបង្គំទូលថ្វាយព្រះពរ ក្នុងឱកាសខួបលើកទី ១៦ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

ចែករំលែក៖

ភ្នំពេញ៖ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ទិវាប្រកបដោយមហាជ័យមង្គល វិបុលសុខ បវរថ្លៃថ្លា មហាប្រសើរ ក្នុងឱកាសខួបលើកទី១៦ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាថ្លៃវិសេស តាងនាមថ្នាក់ដឹកនាំព្រមទាំង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប គណៈកម្មាធិការ ជាតិទន្លេមេគង្គកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត សូមក្រាបបង្គំទូលថ្វាយនូវ មនោសញ្ចេតនាប្រកបដោយកត្តញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត និងសូមបរមរាជានុញ្ញាត ថ្វាយនូវព្រះរាជសព្ទ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ក្នុងឱកាសខួបលើកទី១៦ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បពិត្រព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទូលបង្គំយើងខ្ញុំ ក៏ដូចប្រជារាស្ត្រខ្មែរទូទាំង ប្រទេស មានជំនឿយ៉ាងកក់ក្តៅបំផុតថា ក្រោមបារមីប្រកប ដោយព្រះបញ្ញាញាណឈ្លាសវៃ មានទសពិតរាជធម៌ របស់ព្រះករុណាថ្លៃវិសេស មាតុភូមិជាទីស្នេហាកំពុងទទួលបាននូវសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជារាស្ត្រខ្មែរទទួលបាននូវសុខក្សេមក្សាន្ត ។ ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ទូលបង្គំយើងខ្ញុំទាំងអស់គ្នា សូមបរម រាជានុញ្ញាត សំដែងនូវក្តីសោមនស្សរីករាយ និងសូមបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកមាន គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទិ្ធបារមីនៃទេព្តាថែរក្សាព្រះស្វេតច្ឆត្រ និងបុណ្យបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គសូមយាងតាមបីបាច់ថែរក្សាព្រះករុណា ថ្លៃ វិសេស សូមព្រះអង្គទ្រង់ប្រកបទៅដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរ ជ្រកកោនជាដរាបរៀងទៅ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖