ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្ម​ក្លាយជាហិង្សានៅអាមេរិក​ ពាក់ព័ន្ធជាតិសាសន៍

ចែករំលែក៖

ការប្រឈមមុខតានតឹង​គ្របដណ្តប់នៅទីក្រុង Philadelphia នាយប់ថ្ងៃទី​២ជាប់គ្នា​ក្រោយកម្លាំងប៉ូលិស​បាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅ​កាន់កាំបិត ​ដោយសារតែមានស្មារតីទ្រុឌទ្រោម ដែលត្រូវប្រឈមនឹងកម្លាំងប៉ូលិស។
នៅយប់ថ្ងៃទី ២៧ខែតុលា គឺជាពេលវេលាដែលមានអសន្តិសុខខ្លាំងជាងគេបំផុត ដោយក្រុមបាតុករ បានក្លាយជាហិង្សា ឆក់ប្លន់ ជាច្រើននៅ​ភាគខាងលិចទីក្រុង Philadelphia នៅជិតតំបន់ Walter Wallace ដែលបុរសជនជាតិស្បែកខ្មៅ​ត្រូវប៉ូលិសបាញ់សម្លាប់ កាលពីថ្ងៃទី​២៦ ខែតុលា ​។
ក្រុមបាតុកររាប់រយនាក់បានដង្ហែក្បួនបាតុកម្មទាមទារយុត្តិធម៌ តម្លាភាពជាតិសាសន៍ ។ ជាមួយគ្នានេះ កម្លាំងសន្តិសុខបានត្រៀមលក្ខណៈទប់ស្កាត់ភាពចលាចលកើតឡើង​។
អ្វីដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែតុលាបានជំរុញឲ្យមានបាតុកម្មជាថ្មី ហើយពេលដំបូង ធ្វើឡើងដោយសន្តិភាព ប៉ុន្តែពេលចូលដល់យប់ក៏មានអំពើហិង្សា​កើតឡើង​ពីការឆក់ប្លន់នៅហាងលក់ទំនិញនានាកន្លែងធ្វើបាតុកម្ម។
ការធ្វើបាតុកម្មកើតឡើងក្នុងពេលដែលការឃោសនាបោះឆ្នោត​អាមេរិកឈានដល់ដំណាក់កាលសំខាន់បំផុត​។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បាតុកម្មនោះនឹងធ្វើឲ្យលោកត្រាំ កាន់តែបាត់បង់ឱកាស ដោយក្រុមបាតុករស្បែកខ្មៅមិនពេញចិត្តនឹងការដឹកនាំ របស់លោកត្រាំនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖