មហាសេដ្ឋីអាមេរិក លោក Bloomberg បានប្រកាសចំណាយថ្លៃផ្សព្វផ្សាយពាណិជ្ជកម្មមានតម្លៃ១៥លានដុល្លារសម្រាប់សប្តាហ៍ចុងក្រោយនៃការឃោសនាបោះឆ្នោត ហើយការផ្សព្វផ្សាយនោះ គឺសំដៅទៅលើការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ ហើយរិះគន់លោកត្រាំថាគ្រប់គ្រងមិនបានល្អ។
ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០នេះ ក៏ជាប្រវត្តិសាស្ត្រនៃការចំណាយច្រើនបំផុតមិនធ្លាប់មានគឺរហូតដល់ទៅ១១ពាន់លានដុល្លារ ។
ការចំណាយប្រាក់របស់មហាសេដ្ឋី Michael Bloomberg ចំនួន១៥លានដុល្លារគឺសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងរដ្ឋចំនួនពីរ គឺTexas និង Ohio ចាប់ពីថ្ងៃទី២៨ខែតុលាដល់ថ្ងៃទី៣ខែវិច្ឆិកា។
ការផ្សព្វផ្សាយសំដៅទៅលើចំនួនករណីឆ្លងកូវីដ-១៩នៅអាមេរិក ដែលកើនឡើងខ្ពស់ ហើយរិះគន់យុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ មិនបានល្អ ទុកឲ្យពលរដ្ឋអាមេរិកជាច្រើនស្លាប់។
រដ្ឋ Texas និង Ohioគឺជារដ្ឋដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនិងទី៧នៅអាមេរិក ហើយនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ លោកត្រាំទទួលបានជ័យជម្នះទាំងពីររដ្ឋខាងលើជួយឲ្យលោកក្លាយជាប្រធានាធិបតីអាមេរិក ។ ប្រសិនបើរដ្ឋទាំងពីរនេះងាកមកគាំទ្រលោកបៃឌិនវិញនោះ ក្តីសង្ឃឹមរបស់លោកត្រាំដឹកនាំអាមេរិក៤ឆ្នាំទៀតត្រូវបាត់បង់៕ដោយ៖ធី រីណា