ព័ត៌មានទាន់ហេតុការណ៍៖

«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក» លើក​ទី​៣ ​រៀបចំឡើង​តាម​អន​ឡាញ​ពី​ក្រុង​ហាណូយ ចាប់ពី​ថ្ងៃទី ២៨-២៩ ខែតុលា

ចែករំលែក៖

អន្តរជាតិ៖ ព្រោះតែជំងឺ​​កូវីដ​-១៩ កំពុងរាតត្បាតជាសកលនៅលើពិភពលោក បានធ្វើឲ្យ«​វេទិកាធុរកិច្ចឥណ្ឌូ​-​ប៉ាស៊ីហ្វិក (IPBF)» លើកទី៣ បានរៀបចំឡើងតាមអនឡាញពីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ ចំណែកក្នុងព្រឹត្តិការណ៍នេះទីភ្នាក់ងារអភិវឌ្ឍន៍និងពាណិជ្ជកម្មអាមេរិក នឹងស្វាគមន៍មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងតូចទាំងធំក្នុងតំបន់និងសកល និងដៃគូអភិវឌ្ឍដទៃទៀត អមជាមួយរបៀបវារៈសំខាន់ៗដែលកំណត់អនាគតនៃតំបន់ឥណ្ឌូ​-​ប៉ាស៊ីហ្វិក

ព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានវត្តមានរបស់លោក ម៉ៃ ប៉ុប៉េអូរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross និងរដ្ឋមន្ត្រីថាមពលអាមេរិក Dan Brouillette ផងដែរ ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy ដែលនឹងចូលរួមពិភាក្សាក្នុងវេទិកានេះផងដែរនោះ បានលើកទឹកចិត្តប្រជាជនកម្ពុជាចូលរួមជាមួយលោកក្នុងវេទិកាពាណិជ្ជកម្មប្រចាំឆ្នាំនេះ

ជាក់ស្តែង លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា តាមរយៈវីដេអូបង្ហោះលើហ្វេប៊ុផ្លូវការបស់ស្ថានទូតបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺល្អសម្រាប់អ្នកជំនួញ ន្រី្តរដ្ឋាភិបាល និងនិស្សិតនៅកម្ពុជា ដែលមានការចាប់អារម្មណ៍ចង់ដឹងបន្ថែមពីនិន្នាការចុងក្រោយ នៅក្នុងវិស័យសេដ្ឋកិច្ចឌីចី សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ

ឯកអគ្គរដ្ឋទូតរូបនេះ នឹងធ្វើជាវាគ្មិនពិភាក្សាត្រង់ប្រធានបទ «​កាលានុវត្តភាព និងទស្សនវិស័យធុរកិច្ច ក្នុងបណ្ដាប្រទេសក្នុងតំបន់មេគង្គ(Business Opportunities and Outlook in the Mekong Countries)» ជាមួយនឹងអគ្គរដ្ឋទូតអាមេរិកប្រចាំឡាវ Peter M. Haymond, អគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម Daniel J. Kritenbrink, និងភារធារីអាមេរិកប្រចាំមីយ៉ាន់ម៉ា Gwen Cardno ខណៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំថៃ Michael George DeSombre ជាអ្នកសម្របសម្រួលកិច្ចពិភាក្សានេះ

សូមជម្រាបដែរថា  កិច្ចពិភាក្សារបស់វេទិកានេះ នឹងផ្តោតលើវឌ្ឍនភាពចុងក្រោយបង្អស់នៃបរិយាកាសធុរកិច្ចសម្រាប់វិស័យសំខាន់ៗដូចជា៖ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីចី និងការថែទាំសុខភាពជាដើម អមជាមួយការផ្ដល់អនុសាសន៍គោនយោបាយ ក៏ដូចជាកាលានុវត្តភាពថ្មីសម្រាប់ង្រិភាពជាដៃគូឯកជន​-​សាធារណៈផងដែរ។

គួរបញ្ជាក់ថាវេទិកាធុរកិច្ចឥណ្ឌូ​-​ប៉ាស៊ីហ្វិក (IPBF) គឺជាព្រឹត្តិការណ៍ឈានមុខមួយក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មរបស់ខ្លួននៅទូទាំងតំបន់ឥណ្ឌូ​-​ប៉ាស៊ីហ្វិក

ដោយ៖ស តារា


ចែករំលែក៖