អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅមុនការបោះឆ្នោតបានចូលមកដល់ខាងមុខនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចពន្យារការរឹតបន្តឹងរាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងការចេញទិដ្ឋាការគ្រប់ប្រភេទសម្រាប់ទេសចរណ៍រហូតដល់ចុងវិច្ឆិកា។
បើតាមសារព័ត៌មានថៃ Bangkok Post ការពន្យារពេលទទួលជនបរទេសដែលជាវិធានការក្នុងការទប់ស្កាត់តាមពិតទៅត្រូវបញ្ចប់នៅថ្ងៃទី៣១ខែតុលានេះ ហើយវាត្រូវបានរៀបចំដោយគណៈកម្មាធិការមួយដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ ជាក់ស្តែងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងដឹកជញ្ជូននិងគមនាគមន៍មីយ៉ាន់ម៉ា បានបញ្ជាក់នៅថ្ងៃ ២៦ ខែតុលាថ្មីៗនេះថា ការហាមឃាត់ជនបរទេសចូលក្នុងប្រទេសនឹងត្រូវបានពន្យារពេលមួយខែទៀតរាប់ចាប់ពីថ្ងៃប្រកាស។
ដោយឡែក នាយកដ្ឋានអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ាឯណោះវិញបានប្រកាសដែរថា វិធានការបន្ថែមក្នុងការការហាមឃាត់ការហោះហើរក្នុងស្រុករយៈពេល ២ សប្តាហ៍នឹងត្រូវដាក់ឲ្យអនុវត្តផងដែរពោលគឺដល់ថ្ងៃទី ១៥ខែវិច្ឆិកា។ យ៉ាងណាក៏ដោយ ធុរជនដែលចាំបាច់ត្រូវធ្វើដំណើរចាំបាច់នោះត្រូវស្នើសុំការអនុញ្ញាតពីខាងក្រសួងការបរទេស និងត្រូវធ្វើយ៉ាងណាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង។
យ៉ាងណាមិញ រដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយការរឹតត្បិតលើការប្រមូលផ្តុំគ្នាជាសាធារណៈនៅថ្ងៃទី ២៥ ខែតុលា ដើម្បីអនុញ្ញាតឱ្យគណបក្សនយោបាយធ្វើយុទ្ធនាការមុនពេលប្រជាជនទៅបោះឆ្នោតនៅថ្ងៃទី ៨ខែវិច្ឆិកា។
សូមជម្រាបថា បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា បានបិទតំបន់ជាច្រើននៅក្នុងតំបន់ Yangon ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ប៉ុន្តែបទបញ្ជាស្នាក់នៅក្នុងផ្ទះសម្រាប់ ៧៤ តំបន់ រួមទាំងតំបន់ Yangon ទាំងមូល និង រដ្ឋ Rakhine នៅតែមានប្រសិទ្ធភាព៕ដោយ៖ស តារា