ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅរករឿងគេដល់ផ្ទះត្រូវគេកាប់៣កាំបិតរងរបួសធ្ងន់ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានអាការមិនប្រក្រតី(សរសៃប្រសាទ)បានដើរទៅរករឿងដល់ផ្ទះអ្នកជិតខាងស្ថិតនៅក្បែរគ្នា រួចត្រូវគេប្រើហិង្សាកាប់ចំនួន៣កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ហូរឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារដឹកយកទោសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជនសង្ស័យជាអ្នកបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះនាង សុខជា អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិឃុំកើតហេតុខាងលើត្រូវគេកាប់ចំដៃខាងឆ្វេងពីរកាំបិតនិងដៃស្តាំមួយកាំបិតត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ចំណែកបុរសជាជនសង្ស័យមានឈ្មោះ ជ័យ សុខពៅ អាយុ២៨ឆ្នាំ មុខរបរកសិកររស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង។ក្រោយបង្កហេតុរួចបានរត់គេចខ្លួនទាំងយកកាំបិតជាវត្ថុតាងទៅជាមួយផងដែរ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានទៅរករឿងដល់ផ្ទះរបស់ជនសង្ស័យរហូតមានជម្លោះពាក្យសម្តីនិងប្រើហិង្សាដាក់គ្នា ខណៈជនសង្ស័យបានយកកាំបិតកាប់ទៅលើជនរងគ្រោះយ៉ាងសន្ធាប់បង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។
ក្រោយពីបង្កហេតុរួចជនសង្ស័យបានរត់គេចខ្លួនបាត់ភ្លាមៗបន្សល់តែជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះអាយុជីវិត។

ពាក់ព័ន្ធករណីខាងលើនេះលោកសំ សំអុល អធិការនគរបាលស្រុករមាសហែកបានឱ្យដឹងនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០នេះថា រហូតមកដល់រសៀលនេះសមត្ថកិច្ចនគរបាលស្រុករបស់លោកកំពុងដុតដៃដុតជើងស្រាវជ្រាវនិងស្វែងរកឃាត់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។
លោកបានបញ្ជាក់ថា ជនរងគ្រោះនាពេលកន្លងមកតែងតែមានជម្លោះរករឿងអ្នកភូមិនិងរកវាយជីដូននិងម្ដាយបង្កបញ្ហាដល់ក្រុមគ្រួសារដោយរបៀបកុមារីម្នាក់ធ្លាក់មានអាការចង់ចូលជំងឺសរសៃប្រសាទ។
ដោយយប់កើតហេតុគឺបុរសខាងលើនេះបានចូលតាមរបងដល់ផ្ទះគេនិងបង្កជាជម្លោះឈានដល់ហិង្សាបែបនេះតែម្ដង៕

ដោយ៖ យឹម សុថាន


ចែករំលែក៖