អន្តរជាតិ៖ អាកាសយានិកតៃវ៉ាន់ម្នាក់ បានបាត់បង់ជីវិត អំឡុងការហ្វឹកហ្វឺនជំនាញហោះហើរ ស្រាប់តែយន្តហោះចម្បាំងដែលខ្លួនបានបញ្ជានោះ ធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែតុលាឆ្នាំ២០២០នេះ ។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ទី២៩ តុលានេះថា អាកាសយានិកដែលស្លាប់នេះមានឈ្មោះថាជូ ក្វាង(Chu Kuang) អាយុ ២៩ឆ្នាំ បានចុចឆ័ត្រយោងលោតចេញពីយន្តហោះចម្បាំង F-5E ដែលត្រូវបានគេរាយការណ៍ថា មានបញ្ហាផ្នែកម៉ាស៊ីន ប៉ុន្តែនៅតែមិនអាចរក្សាជីវិតរបស់ខ្លួនបាននោះឡើយ ក្រោយពេលយន្តហោះចម្បាំងនេះ បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។
សូមជម្រាបថា កងកម្លាំងទ័ពអាកាសកោះតៃវ៉ាន់ បានបង្កើនសកម្មភាពហ្វឹកហ្វឺន និងល្បាតដែនអាកាសរបស់ខ្លួនទ្វេដងនៅក្នុងឆ្នាំ២០២០នេះបើធៀបនឹងឆ្នាំ២០១៩ ដោយសារតែខ្លួនមើលឃើញថា សកម្មភាពនៃយន្តហោះចម្បាំងដែលបានហោះឆ្វែលជុំវិញកោះនេះ មានចំនួនកើនឡើងខ្លាំងលើសពេលណាៗទាំងអស់។
គួរបញ្ជាក់ថា សម្រាប់យន្តហោះចម្បាំង F-5E ដែលទើបធ្លាក់នេះវិញ គឺជាយន្តហោះស៊េរីចាស់ ដែលត្រូវបានអភិវឌ្ឍឡើងដំបូង តាំងតែពីអំឡុងទសវត្សរ៍ ១៩៦០ មកម្ល៉េះ៕ដោយ៖ស តារា