ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីមានការទម្លាយថា តារាចម្រៀងមាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មថ្មីគឺផលិតកម្មរាម របស់អ្នកលក់អនឡាញ និងជាតារាហ្វេសប៊ុកអ្នកនាងស្រីអូន។
ការបង្ហើបនេះផងដែរក្រោយពីពេលកន្លងទៅនេះគេបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខថតរូបរួមគ្នាជាមួយអ្នកនាងស្រីអូនគ្រាដែលមាស សុខសោភា បានចុះជួបជាមួយក្មេងប្រុសវះកាត់លលាក្បាលម្នាក់កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយជាង៥ខែហើយដែលទស្សនិកជនជាច្រើនទន្ទឹងរងចាំដំណឹងនៃការបង្ហាញមុខជាផ្លូវការក្នុងផលិតកម្មថ្មីរបស់តារាចម្រៀង មាស សុខសោភា បន្ទាប់ពីនាងធ្លាប់បង្ហើបថាស្នាដៃបទចម្រៀង និងផលិតកម្មថ្មីនឹងត្រូវបើកបង្ហាញក្នុងអំឡុងខែធ្នូខាងមុខ។ ផលិតកម្មថ្មីដែលតារាចម្រៀងរូបនេះនឹងចូលច្រៀងគឺមិនមែនជាផលិតកម្មហង្សមាស និងផលិតកម្ម Galaxy Navatra ដូចការគិតនោះទេ។ មានការទម្លាយថាតារាចម្រៀងរូបនេះនឹងលេចមុខក្នុងផលិតកម្ម “រាម” ដែលជាផលិតកម្មថ្មីរបស់ អ្នកនាងនួន ស៊ុន្ទរី ហៅស្រីអូន។ប្រភពពីអ្នកជិតដិតនឹងតារាហ្វេសប៊ុករូបនេះបញ្ជាក់ថា មាស សុខសោភាពិតជាបានចុះកិច្ចសន្យាដំបូងជាមួយផលិតកម្មខាងលើក្នុងរយៈពេលមួយឆ្នាំ ។ មានការបញ្ជាក់ដែរថា ផលិតកម្មថ្មីមែន ប៉ុន្តែ អ្នកនាង ស្រីអូន បានចាយលុយច្រើនសន្ធឹកសន្ធាប់លើការផលិតស្នាដៃថ្មីដូចដែលធ្លាប់បានដឹងអំពីគុណភាពនៃការផលិតឈុតផ្សព្វផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់គួរឲ្យចាប់អារម្មណ៍មួយកាលពីអំឡុងខែកញ្ញាកន្លងទៅ។ ប្រភពថា មាស សុខសោភា នឹងចេញបទចម្រៀងក្នុងអំឡុងខែធ្នូខាងមុខ ខណៈដែលបទចម្រៀងមួយចំនួនបានត្រៀមរួចជាស្រេច ជាមួយនឹងការសម្រិតសម្រាំងផលិត ដោយបច្ចេកទេស ពិសេសកាំមេរ៉ាដែលផលិតកម្មនេះប្រើគឺមានតម្លៃថ្លៃកប់ពពកមិនធ្លាប់មានប្រើនៅកម្ពុជា ហើយក៏ជាបច្ចេកវិទ្យាកាំមេរ៉ាទំនើបចុងក្រោយដែលក្រុមហ៊ុនលំដាប់ហូលីវូដប្រើប្រាស់ផងដែរ។ មានការលើកឡើងផងដែរថាក្រៅពីតារាចម្រៀង មាស សុខសោភា ផលិតកម្មនេះក៏នឹងទាញយកតារាចម្រៀង តារាកំប្លែងមួយចំនួនចូលច្រៀងផងដែរ ដែលមានការបង្ហើបថា តារាកំប្លែង នាយគ្រឿន និងនាងខ្ញុងក៏នឹងចូលច្រៀងក្នុងផលិតកម្មថ្មីមួយនេះផងដែរ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីផលិតកម្មរាមបាននៅឡើយទេ។ គេក៏នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថាតើសន្ទុះទីផ្សារបទចម្រៀងក្នុងផលិតកម្មថ្មីរបស់នាងនឹងអាចហក់ឡើងបានកម្រិតណា ហើយការចុះកិច្ចសន្យារយៈពេល១ឆ្នាំរបស់នាងក៏ត្រូវបានគេដឹងថាដើម្បីបន្តស្ទាបស្ទង់ទីផ្សារមួយដើម្បីងាយបន្តឬបញ្ចប់កិច្ចសន្យាក្នុងរយៈពេលខ្លី៕ ដោយ៖វឌ្ឍនា