ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជនបទ១១ខ្សែ ដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកបន្ទាយមាស ត្រូវក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃដើម្បីស្តារ និងជួសជុលឡើងវិញ

ចែករំលែក៖

ខេត្តកំពត៖ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រសួង មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទ១១ខ្សែ នៅស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីស្តារ និងជួសជុលឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ហ៊ូត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ផ្លូវខូច ១១ខ្សែខាងលើនេះថា ដោយមើលឃើញអំពីការលំបាក របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក ក្នុងការងារប្រកបរបររកស៊ីទទួលទាន ពិសេសសិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន ទើបមន្ត្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត អាជ្ញាធរ កងកម្លាំង បានចុះពិនិត្យ និងវាយតម្លៃផ្លូវខូចខាតដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះ ដើម្បីដាក់សំណើរទៅក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធពិចារណា ជួយស្តា និងជួសជុលផ្លូវជនបទទាំង១១ខ្សែខាងលើឡើងវិញ កុំឲ្យប្រជាពលរដ្ឋជួបការលំបាកយូរ។ ម្យ៉ាងដើម្បីអនុវត្តន៍តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា «ទឹកឡើងឲ្យមើលពលរដ្ឋ ទឹកស្រក់ឲ្យមើលផ្លូវ»។

អនុរដ្ឋលេខាធិការក្រសួងរូបនេះ បន្តថា ផ្លូវទាំង១១ខ្សែនេះ ខូចខាតមានប្រវែងជាង៧៦គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយក្រុមការងារ នឹងធ្វើការស្នើសុំទៅក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយពន្លឿនការស្តា និងជួលជុលផ្លូវជនបទទាំងនេះក្នុងពេលឆាប់ៗ ជូនពលរដ្ឋធ្វើដំណើរស្រួលដូចដើមវិញ។

សូមជម្រាបដែរថា កន្លងទៅថ្មីៗនេះ ជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយមាស បានបណ្តាលឲ្យលិចដីស្រែ និងផ្ទះប្រជាពលរដ្ឋ ចំនួន១០០៣០គ្រួសារ គិតមកដល់ថ្ងៃនេះ ស្ថានភាពបានត្រឡប់មកធម្មតាវិញហើយ។ ដោយឡែកផ្លូវជនបទចំនួន១១ខ្សែ ខូចខាតអស់ប្រវែងជាង៧៦គីឡូម៉ែត្រ បើតាមមន្ត្រីជំនាញថា មូលហេតុភាគច្រើនដោយសារគ្មានប្រព័ន្ធដោះទឹក ពលរដ្ឋចាក់ដីទីផ្ទះខ្ពស់ ធ្វើឲ្យផ្លូវក្លាយជាប្រឡាយជាដើម។

គួរបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ខេត្តកំពតមិនបានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងដូចឆ្នាំមុនៗទេ ។ ដោយឡែកនៅក្នុងស្រុកបន្ទាយមាស គឺមានការលិចលង់ដោយជំនន់ទឹកភ្លៀង តែបន្តិចបន្តួចនៅក្នុងឃុំមួយចំនួន ហើយថ្នាក់ដឹកនាំពាក់ព័ន្ធកាកបាទក្រហម ក៏បានយកអំណោយមនុស្សធម៌ ទៅចែកជូនពលរដ្ឋទាន់ពេលវេលាផងដែរ៕ដោយ៖សហការី


ចែករំលែក៖