បន្ទាយមានជ័យ៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា រួមជាមួយភរិយា និងអ្នកម្តាយ ព្រមទាំងក្រុមការងារ រៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ ។
បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ស សុខា បានសរសេរថា សូមទេវតាឆ្នាំថ្មី អារុកអារក្សអ្នកតាដែលមានឫទ្ធីបារមី បារមី នៃប្រាង្គប្រាសាទបុរាណក្នុងទឹកដីខេត្តបន្ទាយមានជ័យទាំងមូល សូមជួយគ្រងថែរក្សាការពារបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ក៏ដូចជា ប្រជាពលរដ្ឋដែលរងគ្រោះនៅតាមបណ្តារាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបានជួបតែនឹងសេចក្តីសុខ សេចក្តីសប្បាយ ចៀសឆ្ងាយពីគ្រោះថ្នាក់នានា និងប្រកបមុខរបរទទួលទាន បានចម្រុងចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ។
គួររម្លឹកថា កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀង បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ ដោយទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពផងដែរ៕ដោយ៖ស តារា