ព័ត៌មានទាន់ហេតុការណ៍៖

លោក ជាវ តាយ អភិបាលខេត្តចុះពិនិត្យដងផ្លូវសំខាន់ៗដើម្បីបង្កើនការជំរុញកែលម្អសោភណភាព និងរៀបចំបន្ថែមប្រព័ន្ធលូរំដោះទឹកក្នុងក្រុងកំពត

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្រ្តីនៃមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងនិងសង្កាត់ អញ្ជើញចុះពិនិត្យទីតាំងដងផ្លូវសំខាន់ៗមួយចំនួនក្នុងសង្កាត់ទាំង៥នៃក្រុងកំពត ក្នុងគោលបំណងដើម្បីបង្កើនការជំរុញរៀបចំ កែលម្អប្រព័ន្ធផ្លូវ និងលូរំដោះទឹកភ្លៀងបន្ថែម រួមនិឹងការពង្រឹងរៀបចំសណ្ដាប់ធ្នាប់សោភណភាព អនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែប្រសើរឡើងផងដែរ។
ទីតាំងសំខាន់ៗជាចំណុចអាទិភាព ត្រូវធ្វើការកែលម្អដាក់ប្រព័ន្ធលូនិងកសាងផ្លូវបេតុង ក្នុងនោះសង្កាត់កំពង់កណ្ដាលត្រូវកែលម្អដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងត្រង់ចំណុចសួនច្បារដើមពោធិ៍ជាប់ចំណតរថយន្តនិងជិតផ្ទះលោកអាន ហេ ។ ក្រៅពីនោះក៏មានគម្រោងអាទិភាពសំខាន់ៗដែលលើកស្នើឡើងដោយចៅសង្កាត់ដើម្បីកសាងឲ្យបានឆាប់តាមតម្រូវការសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងនោះនៅក្នុងសង្កាត់អណ្ដូងខ្មែរ សង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់បាយ ដែលនឹងត្រូវកសាងប្រព័ន្ធផ្លូវថ្នល់បេតុង និងប្រព័ន្ធលូរំដោះទឹកភ្លៀងបន្ថែម រួមនឹងការកែលម្អចិញ្ចើមផ្លូវ ដាំដើមឈើអមសងខាងដងផ្លូវមួយចំនួនបន្ថែម និងរកទីតាំងដើម្បីដាក់កុងតឺន័រ ដោះស្រាយការកកស្ទះសំរាមយកចេញទៅក្រៅក្រុងផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖