ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបង្កើនសន្តិសុខការពារគ្រប់ទីកន្លែងទប់ស្កាត់ការវាយប្រហារថ្មី

ចែករំលែក៖

សារព័ត៌មាន រ៉យទ័របានផ្សាយថា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅថ្ងៃទី​៣០ខែតុលា បានប្រកាសថា អាចនឹងមានការវាយប្រហារជាថ្មីកើតឡើងបន្តទៀតនៅក្នុងទឹកដីបា​រាំង បង្កឡើងដោយក្រុមភេរវកម្មអ៊ិស្លាម ។ ការលើកឡើងខាងលើ ក្រោយពេលមានករណីវាយប្រហារដោយកាំបិតដល់ទៅពីរលើកក្នុងរយៈពេល២សប្តាហ៍កន្លងមក​។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Damarnin ​ក្រោយពេលមានក្រុមជ្រុលនិយមអ៊ិស្លាមបានវាយប្រហារកាត់ក្បាល​ស្ត្រីម្នាក់និងមនុស្សពីរនាក់ទៀតនៅក្នុងព្រះវិហារមួយ នៅទីក្រុង Nice ។ ជនវាយប្រហារ​ត្រូវបានប៉ូលិសបាញ់ឲ្យរបួស​ធ្ងន់ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនវាយប្រហារនៅទីក្រុង Nice ជាជនជាតិទុយណេស៊ី​ កើតឆ្នាំ​១៩៩៩ បានទៅដល់តំបន់អឺរ៉ុបនៅថ្ងៃទី​២០ខែកញ្ញា នៅតំបន់ Lampedusa ដែលជាកោះ​មួយរបស់អុីតាលី ស្ថិតនៅតំបន់សមុទ្រប្រទេសទុយណេស៊ី ជាទីតាំង សម្រាប់ជនភៀសខ្លួនមកពីអាហ្វ្រិកភាគច្រើននៅទីនោះ។
រដ្ឋមន្ត្រីការបរទេសបារាំង​​លោក Damarnin បន្តទៀតថា បារាំងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រឆាំងសត្រូវ​ក្នុងប្រទេស និងក្រៅប្រទេស​។ លោកក៏បានព្រមានថា នឹង​មានការវាយប្រហារ​ជាថ្មីកើតឡើងនៅក្នុងទឹកដីបារាំង​។ ដូច្នេះយើងត្រូវតែ​បង្កើនសកម្មភាព ការពារទប់ស្កាត់ការវាយប្រហារជាថ្មីយ៉ាងមានប្រសិទ្ធភាពបំផុត​។
ប្រធានាធិបតីបារាំង​លោក ម៉ាក្រុង បានដាក់ពង្រាយកម្លាំងទាហាន​ការពារទីតាំងសំខាន់ ដូចជា ព្រះវិហារ សាលារៀន ជាដើម៕ដោយ៖ធី រីណា


ចែករំលែក៖