ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅលបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចេញសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីសន្និសីទសារព័ត៌មាន ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ ។
ចំពោះការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងគោលបំណងរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក ។
សូមជម្រាបដែរថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមគោរពអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមយកព័ត៌មានឲ្យបានច្រើនកុះករ ដើម្បីបន្តផ្សព្វផ្សាយចូលរួមលើកស្ទួយវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា សន្និសីទសារព័ត៌មានស្តីពី ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (សាលប្រជុំធំ) ។
ដោយឡែកសម្រាប់ព័ត៌មានបន្ថែមអំពីការរៀបចំសន្និសីទសារព័ត៌មានខាងលើនេះ សូមទាក់ទងលោក ហ៊ឹម ខេមរា តាមរយៈ លេខទូរស័ព្ទ ០១២ ៧១ ៨៥ ៤៩ ៕ដោយ៖សហការី