ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តម៉ាកហ្វដ រ៉េនជើរមិនប្រកាន់ស្ដាំបុកអ្នកជិះម៉ូតូបញ្ច្រាសគ្នាស្លាប់ម្នាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែរថយន្ត ម៉ាកហ្វដ រ៉េនជើរបើកបរមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ស្ថិតនៅ
លើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ក្នុងភូមិធ្លក ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះបេន  វិចិត្រ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរកសិករ រស់នៅភូមិពោធិ៍ ឃំុខ្វាវស្រុកសំរោង ខេត្តតាកែវ ជិះម៉ូតូម៉ាកនិច ពណ៌សពាក់ស្លាកលេខភ្នំពេញ១GE-៨៨៩៤ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយបង្កហេតុបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តម៉ាកFORD RANGERពាក់ស្លាកលេខ ភ្នំពេញ២BB-៨៤៤២នៅនឹងកន្លែង។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកFORD RANGER ពាក់ស្លាកលេខ ភ្នំពេញ២BB-៨៤៤២ បើកលើផ្លូវជាតិលេខ១ដោយបើកបរមិនប្រកាន់ស្ដាំ ស្រាប់់់តែទៅបុកម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ១GE-៨៨៩៤ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានមកដល់ធ្វើការវាស់វែងនិងយកសាកសពបុរសខាងលើទៅតម្កល់ទុកនៅវត្តក្រោលគោរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ យឹម សុថាន


ចែករំលែក៖