ពលរដ្ឋប្រេស៊ីលនាំគ្នាធ្វើបាតុកម្ម ប្រឆាំងការប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន ។ ពលរដ្ឋនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១ខែវិច្ឆិកា បានដង្ហែក្បួនបាតុកម្មប្រឆាំងការប្រើប្រាស់វ៉ាក់សាំង Sinovac SVA.O របស់ចិន។
ការធ្វើបាតុកម្មនេះកើតឡើង ក្រោយពេលអភិបាលរដ្ឋ Sao Paulo លោក João Doria បានគាំទ្រឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sinovac SVA.O របស់ចិន។ បច្ចុប្បន្ន នៅប្រទេសប្រេស៊ីលកំពុងតែសាកល្បងវ៉ាក់សាំង Sinovac SVA.O របស់ចិន ដំណាក់កាលទី៣ ដោយមានលទ្ធផលល្អប្រសើរ។
កាលពីខែតុលា ក្រសួងសុខាភិបាល ប្រេស៊ីលបានប្រកាសថានឹងទិញវ៉ាក់សាំងដល់ទៅ៤៦លានដូសពីក្រុមហ៊ុនSinovac SVA.O របស់ចិន។ ប៉ុន្តែការទិញនោះ អាស្រ័យទៅលើការឯកភាពពីរដ្ឋាភិបាលនិងបណ្តារដ្ឋនៅក្នុងប្រទេសនេះ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសថា ប្រេស៊ីលនិឹងមិនទិញវ៉ាក់សាំងរបស់ចិននោះឡើយ។ លោកបានវាយប្រហារចិនយ៉ាងខ្លាំងចាប់តាំងពី ឆ្នាំ២០១៨មក ពេលឃោសនាបោះឆ្នោត ហើយមកទល់ពេលនេះ លោកនៅតែមិនចូលចិត្តចិន ។
ប្រេស៊ីលជាសម្បុកកូវីដ-១៩ទី៣នៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ៥,៥លាននាក់ហើយ បន្ទាប់ពីអាមេរិក និងឥណ្ឌា ៕
ដោយ៖ធី រីណា