អន្តរជាតិ៖ អាមេនី បានស្នើសុំជំនួយរួចហើយពីរុស្ស៊ី និងស្នើឲ្យទីក្រុងមូស្គូចាប់ផ្ដើមគិតគូរការផ្ដល់ជំនួយផ្នែកសន្តិសុខដល់ខ្លួន ព្រោះជម្លោះជាមួយអាស៊ែបៃហ្សង់ នៅមិនទាន់ថមថយ ហើយស្ថិតលើផ្លូវរាលដាលចូលទឹកដីអាមេនីតែម្ដង។ ទោះព្រមជួយ ក្រុងមូស្គូនៅប្រាប់ឲ្យភាគីទាំងពីរបន្តការចរចា។ប៉ុន្តែកាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅថ្មីៗនេះ រុស្ស៊ី បានប្រកាសថា៖ នឹងជួយអាមេនីតាមកិច្ចព្រមព្រៀងការពារជាតិកន្លងមក បើការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh ក្នុងទឹកដីអាស៊ែបៃហ្សង់ រាលដាលចូលទឹកដីអាមេនីនោះ។
បើតាមលោកNikol Pashinyan នាយករដ្ឋមន្រ្តីអាមេនី បានសរសេរសំបុត្រសុំជំនួយជាផ្លូវការទៅកាន់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីនដោយស្នើឲ្យលោក ពូទីន ចាប់ផ្ដើមកិច្ចពិភាក្សាបន្ទាន់ពីជំនួយដែលផ្ដល់ឲ្យទីក្រុងយេរេវ៉ាន់។ ការសុំជំនួយរបស់អាមេនី ធ្វើឡើងក្រោយអាមេនី និងអាស៊ែបៃហ្សង់បរាជ័យក្នុងការឈានដល់បទឈប់បាញ់ជាថ្មីនៅថ្ងៃទី៣០ ខែតុលា ហើយការប្រយុទ្ធគ្នានៅ Nagorno-Karabakh បន្តកើតមានដល់ថ្ងៃទី៣១ខែតុលា។ ចំណែកការសុំជំនួយនេះ ក៏ធ្វើឲ្យមានក្ដីបារម្ភថា រុស្ស៊ី នឹងត្រូវអូសចូលជម្លោះរាប់សិបឆ្នាំមកនេះជាមួយតួកគីដែលជាអ្នកពីក្រោយរបស់ទីក្រុងបាគូ។ នៅអាមេនី រុស្ស៊ីមានមូលដ្ឋានទ័ពនៅទីក្រុងធំជាងគេទីពីររបស់ប្រទេសនេះ ហើយមានសន្ធិសញ្ញាការពារគ្នាផងដែរ។
ដោយឡែកក្រសួងការបរទេសរុស្ស៊ី ក៏បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលាដោយសំដៅដល់សន្ធិសញ្ញាមិត្តភាពឆ្នាំ១៩៩៧ ថា៖ «នាយករដ្ឋមន្ត្រីអាមេនីបានស្នើឲ្យប្រធានាធិបតីរុស្ស៊ីផ្ដើមការពិគ្រោះយោល់បន្ទាន់ដោយមានគោលដៅកំណត់ប្រភេទ និងទំហំជំនួយដែលសហព័ន្ធរុស្ស៊ីផ្ដល់ឲ្យអាមេនីដើម្បីការពារសន្តិសុខរបស់ខ្លួន»។
ពាក់ព័ន្ធសំណើរបស់អាមេនី អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova លើកឡើងថា ទម្រង់ជាក់លាក់នៃជំនួយ នឹងត្រូវពិភាក្សាផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងការបរទេសរុស្ស៊ី ប្រកាសថា មូស្គូនឹងផ្ដល់ជំនួយដល់សម្ព័ន្ធមិត្តរបស់ខ្លួន។ ខណៈកិច្ចព្រមព្រៀងទ្វេភាគីមិនរាប់បញ្ចូលតំបន់Nagorno-Karabakh ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា ជំនួយនឹងមានសម្រាប់អាមេនី តែនៅពេលការប្រយុទ្ធរាលដាលចូលទឹកដីអាមេនីប៉ុណ្ណោះ។
សូមជម្រាបថា ជម្លោះនៅ Nagorno-Karabakh នៅតែបន្តក្ដៅ ក្រោយបទឈប់បាញ់ពីរបីលើកបរាជ័យផ្ទួនៗ ទាំងមហាអំណាចជ្រោមជ្រែងក៏ដោយ។ខណៈដែលចំនួនអ្នកស្លាប់ក្នុងការប្រយុទ្ធកម្លាំងផ្ដាច់ខ្លួនប្រចាំតំបន់ដែលគាំទ្រដោយអាមេនី និងកងទ័ពអាស៊ែបៃហ្សង់កើនលើសមួយពាន់នាក់ អាមេនី ក៏បោះដៃរកជំនួយសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន គឺរុស្ស៊ី។
គួរបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី អតីតមន្ត្រីទូតអាមេរិកលោក Carey Cavanaugh បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ រុស្ស៊ីដឹងច្បាស់ពីភាពប្រថុយប្រថាន បើសម្រេចបញ្ចេញទ័ពជួយអាមេនីតទល់អាស៊ែបៃហ្សង់ដែលមានតួកគីចាំជួយដែរនោះ។ សម្រាប់រូបលោក អ្វីដែលរុស្ស៊ីអាចជួយបាន គឺការបញ្ចេញទ័ពដែលមានស្រាប់នៅអាមេនីដើម្បីជួយពង្រឹងកិច្ចការពារព្រំដែនឬការសម្របសម្រួលលំហូរជនភៀសខ្លួន៕ដោយ៖ស តារា