ព័ត៌មានទាន់ហេតុការណ៍៖

ល្បិចចាស់គំរិល! យកប្លាកដៃកាឡៃមកដាក់បញ្ចាំត្រូវម្ចាស់ហាងចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យពីរនាក់ជាមុខសញ្ញាសកម្មខាងយករបស់កាឡៃទៅដាក់បញ្ចាំជាច្រើនលើកមកហើយនោះ ពេលនេះត្រូវអស់លក្ខណ៍ដោយសារតែសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់ បន្ទាប់ពីជនសង្ស័យបានយកប្លាកដៃកាឡៃមកដាក់បញ្ចាំនៅក្រុងតាខ្មៅ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទីនៅចំណុចហាងយីហោ ពិសិដ្ឋ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះសេង ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះឈុន ណារ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតបាកដ, ទី២-ឈ្មោះឡេង បូនី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្សថ្នាក់ទី៨។ 

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា នៅវេលាម៉ោងកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែអង្គុយលក់នៅក្នុងហាងដូចសព្វដងនោះស្រាប់តែជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូដោយយកប្លាកដៃកាឡៃ១ខ្សែព្រមទាំងបង្កាន់ដៃទិញលក់ខ្សែដៃ១សន្លឹកដាក់តំលៃ៥៩៥ដុល្លារមកដាក់បញ្ចាំជនរងគ្រោះចំនួន៤០០ដុល្លារ ប៉ុន្តែដោយសារជនរងគ្រោះធ្លាប់ចាញ់បោកគេចំនួន៤ដងមកហេីយនោះទេីបយកប្លាកដៃនោះមកឆាបមេីលឃេីញថាជាប្លាកដៃកាឡៃ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានយកប្លាកដៃខាងលេីមកដាក់បញ្ចាំជនរងគ្រោះប្រាកដមែន ហេីយធ្លាប់បានធ្វេីសកម្មភាពបែបនេះចំនួន៤ដងហើយ គឺនៅផ្សារខេត្តកំពង់ស្ពឺពីរដង, នៅផ្សារតាខ្មៅ១ដង និងលេីកនេះត្រូវម្ចាស់ហាងចាប់បានប្រគល់ជូនសមត្ថកិច្ច។

ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តកសាងសំណុំរឿងដេីម្បីចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖