ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរាជការសាលាខណ្ឌចំការមន ចូលរួមធ្វើអនាម័យ បោសសម្អាតតាមសួនច្បារសម្តេចតេជោ ផ្លូវមុខរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់នៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែនោះ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីរាជការខណ្ឌ ចៅសង្កាត់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រួមជាមួយយុវជន ស.ស.យ.ក ខណ្ឌ កម្មករស៊ិនទ្រី ប្រមាណជាង១០០នាក់ ចុះធ្វើអនាម័យ បោសកើបរើសសំរាម លាងសម្អាតសួនច្បារសម្តេចតេជោ សួនមុខរដ្ឋសភា និងតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌចំការមន ។

ការចូលរួមបោសសម្អាតអនាម័យតាមដងផ្លូវ សាធារណៈ តាមសួនច្បារនេះ ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមននេះ មានការចូលរួមពីលោក លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ មន្ត្រីខណ្ឌ យុវជន ស.ស.យ.កខណ្ឌ កម្មករស៊ីនទ្រី ដែលជាយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ ក៏ដូចជាការពេញចិត្តក្នុងការចូលរួមពីប្រជាពលរដ្ឋទូទៅ ដើម្បីការចូលរួមក្នុងទិវាបរិស្ថានជាតិ ។

លោកអភិបាលខណ្ឌចំការមន បានឲ្យដឹងថា សកម្មភាពទាំងនេះ គឺជាការបំផុសដល់កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ រួបរួមគ្នាសម្អាតអនាម័យគ្រប់ទីកន្លែង ទាំងក្នុងមូលដ្ឋានរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្លូវ និងទីសាធារណៈឲ្យបានល្អ ស្របតាមគោលការណ៍ ទីក្រុងស្អាត មូលដ្ឋាននៃការរស់នៅរបស់ប្រជាពលរដ្ឋក៏ស្អាត ដើម្បីជាផាសុខភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យដឹងថា យើងរៀបចំសំអាតបរិស្ថានថ្ងៃនេះ គឺគោលបំណងដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗក៏ដូចជាទីប្រជុំជននានា ពិសេសនៅតាមដងផ្លូវ សួនច្បារ ឱ្យពួកគាត់យល់ដឹង កុំឱ្យបោះសំរាមចោលផ្តេសផ្តាសហើយត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមចោលពាសវាលពាសកាលនាំឱ្យប៉ះពាល់ដល់បរិស្ថាន ។

លោកបន្តថា សួនច្បារសម្តេចតេជោនេះ ជាបេះដូងនៃរាជធានីភ្នំពេញ ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកកំសាន្ត ដូច្នេះត្រូវមានបរិស្ថានល្អស្អាតជានិច្ច ។ ជាមួយគ្នានេះផងដែរ លោកក៏បានណែនាំ និងបានកំណត់ម៉ោងដល់បងប្អូនប្រជាពលរដ្ឋយកសំរាមមកដាក់មុខផ្ទះ ដើម្បីឱ្យក្រុមហ៊ុនស៊ិនទ្រី ប្រមូលដឹកយកទៅចាក់ចោលកន្លែងមានសុវត្ថិភាព ដូច្នេះយើងចូលរួមទាំងអស់គ្នាដើម្បីសំអាតខណ្ឌយើង រាជធានីយើងឱ្យមានបរិស្ថានល្អស្អាត ត្រូវបញ្ចេញសំរាមឱ្យទាន់ពេលវេលាដែលអាជ្ញាធរកំណត់ ដើម្បីលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញរបស់យើង ៕

ដោយ៖ជី ណា


ចែករំលែក៖