អាមេរិក៖ ការបោះឆ្នោតអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០(ម៉ោងនៅអាមេរិក) ហើយពេលវេលាខុសគ្នា ជាមួយកម្ពុជា១៣ម៉ោង។ ដូច្នេះ ការបោះឆ្នោតនឹងចាប់ផ្តើមនៅល្ងាច ម៉ោង១៨ (ម៉ោងនៅកម្ពុជា)។ ចំណែកលទ្ធផលនឹងបានដឹងច្បាស់នៅថ្ងៃទី៤ ខែវិច្ឆិកា។
ឆ្នាំនេះដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ទើបការបោះឆ្នោតធ្វើមុនពេលកំណត់បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ជាង៩០លាននាក់។ ជាមួយគ្នានោះការបោះឆ្នោតក៏បានធ្វើឡើងតាមប្រៃសណីយ៍នៅក្នុងតំបន់ជាច្រើនផងដែរ។ ទាំងនោះហើយទើបលទ្ធផលបោះឆ្នោត នឹងមិនទាន់មានជាផ្លូវការក្នុងល្ងាចថ្ងៃទី ៣ ឬព្រឹកថ្ងៃទី៤ ខែវិច្ឆិកានោះឡើយ គឺនៅល្ងាចថ្ងៃទី៤ខែវិច្ឆិកានឹងដឹងលទ្ធផល។
តាមលទ្ធផលស្ទង់មតិ នៅពេលនេះបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ទាំងនៅក្នុងការស្ទង់មតិថ្នាក់ជាតិ និងរដ្ឋគោលៗ (Swing States) មួយចំនួនធំ មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។ ទោះជាបែបនេះក្តី ក៏លោក ដូណាល់ ត្រាំ នៅតែជឿថាការស្ទង់មតិនេះគឺ «ក្លែងក្លាយ» ហើយលោកនឹងជាប់ឆ្នោតមួយអាណត្តិទៀត។
បើតាមការស្ទង់មតិថ្នាក់ជាតិថ្មីមួយទៀត ធ្វើឡើងដោយស្ថាប័ន រៀលក្លៀរផូលីធីកស៍ (RealClearPolitics) លោក បៃឌិន នៅតែបន្តនាំមុខលោក ត្រាំ ៦.៨ពិន្ទុ ឬស្មើនឹង ៥០.៧ភាគរយ ទល់នឹង ៤៣.៩ភាគរយ ខណៈការស្ទង់មតិរបស់គេហទំព័រ ហ្វាយសឺតធីអេច (FiveThirtyEight.com) បានបង្ហាញថា បុរសវ័យ៧៧ឆ្នាំរូបនេះនាំមុខលោក ត្រាំ ដែលមានអាយុ ៧៤ឆ្នាំដល់ទៅ៨.៤ពិន្ទុឯណោះ។ ទោះជាយ៉ាងណា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក មិនមែនកំណត់រកអ្នកឈ្នះ ឬចាញ់ដោយសំឡេងបោះឆ្នោតពីប្រជាជនអាមេរិកតែមួយមុខនោះទេ។
លោក ត្រាំ ផ្ទាល់ក៏បានអះអាងដែរថា ការស្ទង់មតិនេះគឺក្លែងក្លាយ ហើយលោកនឹងជាប់ឆ្នោតមួយអាណត្តិទៀត ស្របពេលលោក បៃឌិន និយាយថា វាដល់ពេលហើយ ដែលត្រូវបញ្ចប់ភាពចលាចលនៃការដឹកនាំ៤ឆ្នាំមកនេះក្រោមរដ្ឋបាលលោក ត្រាំ៕
ដោយ៖ធី រីណា