ព័ត៌មានទាន់ហេតុការណ៍៖

បេីកបរមិនគោរពច្បាប់​ចរាចរណ៍​ បុកគេ​ ស្លាប់រត់គេច​ខ្លួន​បាត់​

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ជនសង្ស័យ​ម្នាក់បញ្ជា​ចង្កូត​រថយន្ដប្រើប្រាស់ល្បឿនលឿនក៏ជ្រុលបុកម៉ូតូពី​ក្រោយបណ្តាលអោយមនុស្ស​ម្នាក់ត្រូវ​របួសធ្ងន់​ធ្ងរ​ហេីយបានដាច់ខ្យល់ស្លាប់​ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក​ស្រុកបាធាយ ឯអ្នក​បេីកបររថយន្តគេច​ ខ្លួនមិនទទួលខុស​ត្រូវ​ ។

ប្រភព​ព័ត៌មាន​អោយដឹងថា​ ករណី​នេះ​កេីតឡេីងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា​ម៉ោង១៦:០០នាទីល្ងាច នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងត្បូងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​បន្តថា​ គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងរវាងរថយន្ដនិងម៉ូតូ ។ រថយន្ត​ម៉ាកហុីយ៉ាន់ដាយ ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ 3C-0304 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វេី​ ដំណេីរ​ពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-9611 បើកបរដោយឈ្មោះ សាន សាឡុន ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន​ទិសដៅពីជើងទៅត្បូង ស្របគ្នា។

យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ ដែលចុះវាស់វែងពិនិត្យវាយតម្លៃថា​អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន​ ហេីយនៅពេលដឹងថា​បង្ក​គ្រោះថ្នាក់​ដល់អ្នកដទៃស្លាប់​ រត់គេចខ្លួនបាត់​ មិនព្រមទទួលខុសត្រូវ​ ។ ឯអ្នកបេីកបរ​ ម៉ូតូស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាធាយ​ ។

ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២គ្រឿង​ ឆេះកាប៊ីន​ រថយន្ដទាំងស្រុង និងឆេះម៉ូតូ ០១គ្រឿង ទាំងស្រុង ។

ទោះយ៉ាងណា​ សមត្ថកិច្ច​ជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្ដបង្កមកសួរនាំដើម្បីចងក្រងសំណុំរឿងតាម​ នីតិវិធី៕​

ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖