ភ្នំពេញ៖ ពិតជាកោតសរសើរខ្លាំងចំពោះសមត្ថភាពច្រៀងចម្រៀងរួមគ្នារបស់ តារាចម្រៀងជួន អមរិទ្ធ និងតួឯកយីកេល្បីឈ្មោះកញ្ញា កែវ សុផានិត ក្នុងបទមរតកដើមបទ ”វិញ្ញាណអណ្តែត” ។ ទាំងបទភ្លេង បំពេរស្រទន់ បែបក្លាសិចនិងអត្ថន័យស៊ីជម្រៅបានធ្វើឲ្យអារម្មណ៍អ្នកស្តាប់អណ្តែងអណ្តូងខ្លាំង។
កញ្ញា កែវ សុផានិត បញ្ជាក់ថា បទនេះគឺជាសំនៀងដើមរបស់លោក ស៊ិន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា ហើយនេះក៏ជាការច្រៀងរួមគ្នាលើកដំបូងរបស់នាងនិង លោក ជួន អមរិទ្ធក្រោមដំបូលFilm Media ។ កញ្ញាអរគុណសម្រាប់ការសរសើរលើកទឹកចិត្តក្នុងការបកស្រាយបទចម្រៀងនេះ ហើយលោកក៏នឹងទទួលយកនូវមតិរិះគន់កែលម្អសម្រាប់ចំណុចខ្វះខាតដើម្បីបន្តអភិវឌ្ឍន៍សមត្ថភាព ទេពកោសល្យឲ្យកាន់តែល្អប្រសើរ។
កញ្ញាថាកន្លងមកនាង និងលោក ជួន អមរិទ្ធ ក៏ធ្លាប់ចាប់ដៃគូគ្នាច្រើនក្នុងកម្មវិធីប្រគំតន្ត្រីស្រុកស្រែរបស់ទូរទស្សន៍បាយ័ន ហើយទទួលបានការពេញចិត្តច្រើនទើបយើងសម្រេចចិត្តបន្តរួមគ្នាបង្ហើរសំនៀងមរតកដើមនេះក្នុងបទភ្លេងក្លាសិច ដែលរំពឹងថានឹងអាចធ្វើឲ្យទស្សនិកជនចូលចិត្តកាន់តែខ្លាំង។
អ្នកគ្រប់គ្រងការផលិត Film Media លោក យ៉េប រ៉ូហ្វាត បានបញ្ជាក់ថា នេះគឺជាស្នាដៃទី២ដែលក្រុមលោកផលិតបាន ហើយក៏នៅមានសំនៀង បកស្រាយឆ្លើយឆ្លងរួមគ្នា២គូផ្សេងទៀតដែលនឹងចេញក្នុងពេលដ៏ខ្លីខាងមុខ និងស្ថិតក្រោមទម្រង់ តន្ត្រីបែបក្លាសិចនេះផងដែរ។ លោកបន្តថាក្រៅពីតារាចម្រៀងទាំងពីរខាងលើ Film Media នៅមានសិល្បករពោរពេញដោយទេពកោសល្យមួយចំនួនទៀតនឹងបង្ហើរសំនៀងបំពេអារម្មណ៍ទស្សនិកជនដូចជា កញ្ញា ព្រះកាយ ច័ន្ទ លោក Kim Minyun កញ្ញា ចិន យ៉ាទី កញ្ញា ឡៅ មន្នីវណ្ណ លោក នូ សុវណ្ណដាណេ និងលោក រិន ឆាន្នីជាដើម។ លោកថាលោកក៏ត្រៀមចេញផលិតបទចម្រៀងសប្បាយៗបែបតន្ត្រីស្រុកស្រែជាដើមដើម្បីជារសជាតិថ្មីសម្រាប់អ្នកគាំទ្រ រួមទាំងការចេញផលិតភាពយន្តកំប្លែង ភាពយន្តអប់រំខ្លីៗផងដែរ។ ដើមឆ្នាំ២០២១ ក្រុមតារាចម្រៀងទាំងអស់ក៏នឹងត្រូវបញ្ចេញស្នាដៃបទចម្រៀងថ្មីOriginal Song ថ្មីផ្ទាល់ខ្លួនផងដែរ។ លោកថាជាស្នាដៃដែលលោក និងអ្នកបច្ចេកទេសព្យាយាមសម្រិតសម្រាំងប្រកបដោយគុណភាពនិងរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន៕
ដោយ៖ វឌ្ឍនា