ការបោះឆ្នោតអាមេរិកត្រូវបានចាត់ទុកថាជាការបោះឆ្នោតប្រវត្តិសាស្ត្រ ដោយមានពលរដ្ឋបោះឆ្នោតមុនពេលកំណត់ច្រើនបំផុតមិនធ្លាប់មាន ហើយការចំណាយក៏ច្រើនបំផុតដែរសម្រាប់ការបោះឆ្នោតនេះ គឺមានចំនួនដល់ទៅ១៤ពាន់លានដុល្លារ ច្រើនជាងទ្វេដងនៃការបោះឆ្នោតកាលពីឆ្នាំ២០១៦។
នៅពេលនេះការបោះឆ្នោតជាផ្លូវការចាប់ផ្តើមហើយ នៅវេលាម៉ោង០ ថ្ងៃទី៣ខែវិច្ឆិកា ម៉ោងនៅអាមេរិក។ ស្រុកតូចចំនួនពីរគឺស្រុក Dixville Notch និង Millsfield ក្នុងរដ្ឋ New Hampshire ក្លាយជាតំបន់ ដែលទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនគេបង្អស់ក្នុងទឹកដីអាមេរិក ក្នុងការបោះឆ្នោត ឆ្នាំ២០២០។
ស្រុកទាំងពីរខាងលើនៅតែរក្សាជាស្រុកបោះឆ្នោតមុនគេទាំងអស់នៅអាមេរិកក្នុងរយៈពេល៦០ឆ្នាំកន្លងមក។
ដូច្នេះស្រុក Dixville Notch និង Millsfield ក៏បានរាប់សន្លឹកឆ្នោតរួចរាល់ដែរ ហើយនៅក្នុងស្រុក Millsfield លោកត្រំាទទួលបាន ការគាំទ្រ១៦ក្នុងចំណោម២១ សន្លឹក ។ចំណែកលោកបៃឌិន ទទួលបានតែ៥សំឡេងប៉ុណ្ណោះ។ នៅក្នុងស្រុក Dixville Notch វិញ លោកបៃឌិនទទួលបានទាំង ៥សន្លឹក លោកត្រាំមិនទទួលបានមួយសន្លឹកណាឡើយ។
ការបោះឆ្នោតនៅតំបន់ផ្សេងៗទៀត នឹងចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ខែវិច្ឆិកា ត្រូវនឹងម៉ោង១៩ ម៉ោងនៅកម្ពុជា៕
ដោយ៖ធី រីណា