ភ្នំពេញ៖ ភាពយន្តល្បីល្បាញរឿង”ស្នាមស្នេហ៍សមុទ្ររាម” ដែលជាស្នាដៃផលិតជាថ្មីរបស់អ្នកស្រីពាន់ ភួងបុផ្ផា បានប្រកាសចេញផលិតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ចូលរួមសម្តែង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើកចេញថតផលិតកាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០នេះនៅស្ថានីយទូរទស្សន៍ PNN ។
តួឯកពីគូនឹងសម្តែងក្នុងសាច់រឿងទាំងពីរវគ្គដែលវគ្គទី១គឺលោក ពៅ ពិសិដ្ឋ និងកញ្ញា អឿន រ៉ូហ្សា ខណៈគូទី២គឺកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ កញ្ញា សំណាង អេលីណា និងតារាសម្តែង លោក ខាត់វ៉ៃហាំង។
កញ្ញា សំណាង អេលីណា បានបញ្ជាក់ថា នេះជាភាពយន្តលើកដំបូងដែលនាងសម្រេចចិត្តថតភាពយន្តភាគ ព្រោះតែសាច់រឿងល្អ និងជាស្នាដៃផលិតដោយផលិតករល្បីឈ្មោះ ដែលនាងរំពឹងថានឹងទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីទស្សនិកជន។ លោក ខាត់ វ៉ៃហាំង ជាតួឯកប្រុសលើកឡើងស្រដៀងគ្នានេះដែរថា លោកពិតមោទនភាពដែលបានសម្តែងក្នុងភាពយន្តដែលជាការដឹកនាំសម្តែងដោយផលិតករល្បីឈ្មោះ ។ អ្វីដែលលោកកាន់តែរំភើបគឺបានចួលរួមសម្តែងជាមួយនឹងសិល្បករជាច្រើនជំនាន់រួមគ្នា ដែលលោករំពឹងខ្ពស់ថានឹងកាន់តែធ្វើឲ្យភាពយន្តនេះទទួលបានការពេញចិត្តពីទស្សនិកជន។
អ្នកនិពន្ធ និងដឹកនាំផលិតភាពយន្ត អ្នកស្រីពាន់ ភួង បុផ្ផា ដែលបានបញ្ជាក់ថា រឿង”ស្នាមស្នេហ៍សមុទ្ររាម”ធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជនកាលពីលោកស្រីធ្លាប់ផលិតភាពយន្តភាគកាលពីជាង១០ឆ្នាំមុន ហើយរឿងនេះត្រូវបានយកមកកែសម្រួលសាច់រឿងខ្លះដើម្បីឲ្យកាន់តែប្រសើរ ហើយបន្ថែមវគ្គថ្មីមួយទៀតដើម្បីបន្ថែមរសជាតិប្លែកសម្រាប់អ្នកទស្សនា។ លោកស្រីថាភាពយន្តនេះទាំង២វគ្គមានប្រមាណជាង៤០ភាគអាចនឹងចំណាយពេលវេលាផលិតជាច្រើនខែមុនពេលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ នាពាក់កណ្តាលឆ្នាំ២០២១។អ្នកស្រីថាតារាសម្តែងជាច្រើនជំនាន់រួមគ្នាជាច្រើននឹងបង្កើតសាច់រឿងថ្មីប្លែកដែលលោកស្រីរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ភាពយន្តនេះក៏នឹងអមដោយការបកស្រាយបទចម្រៀង២បទដែលជាសំនៀងរបស់កញ្ញា ចែម ស្រីលក្ខណ៍ និងកញ្ញា មាស សុខសោភាផងដែរ។
គួរបញ្ចាក់ដែរថា តារាសម្តែងដែលនឹងបង្ហាញវត្តមានក្នុងភាពយន្តភាគនេះមានដូចជា លោក ពៅ ពិសិដ្ឋ កញ្ញា អឿន រ៉ូហ្សា លោក ខាត់វ៉ៃហាំង កញ្ញា សំណាង អេលីណា លោក រីមន្តរិទ្ធ អ្នកនាង សំម៉ាណា លោក បញ្ញា សិទ្ធិ កញ្ញា នីតា វរវង្ស លោក លឹម តិចម៉ុង លោកឆាយគន្ធា លោក មឿន ចិត្រា និងតារាសម្តែងជាច្រើនរូបទៀត៕ដោយ៖ វឌ្ឍនា