ខេត្តមណ្ឌលគិរី ៖ ការរៀបចំកម្មវិធីប្រឡងប្រណាំងអង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២០នេះ ដែនជម្រកសត្វព្រៃស្រែពក ទទួលបានចំណាត់ថ្នាក់លេខ១ រីឯមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងចំណោមបណ្ដាអង្គភាពចំណុះក្រោមក្រសួងបរិស្ថាន ដែលចូលរួមប្រឡងប្រណាំង។
ការប្រកាសទទួលជ័យលាភីជាប់ចំណាត់ថ្នាក់អង្គភាពគំរូក្នុងវិស័យបរិស្ថានខាងលើនេះធ្វើឡើងនៅក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក. ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
គួររម្លឹកជូនថា អង្គភាពគំរូក្នុងវិស័យបរិស្ថានរៀបចំឡើងក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ចូលរួមក្នុងការប្រកួតប្រជែងជាជ័យលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថានតាមរយៈការរៀបចំពង្រឹង និងកែសម្រួលលក្ខណៈវិនិច្ឆ័យគោលរបស់ខ្លួនរួមមាន៖ ១.គុណភាព ប្រសិទ្ធភាព និងទទួលសេវារដ្ឋបាល ២.ការងារជំនាញរបស់អង្គភាព ៣.ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព ៦.ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និងដៃគូអភិវឌ្ឍន៍ ៧.នវានុវត្តន៍ភាពដើម្បីឲ្យអង្គភាពមានដំណើរការកាន់តែប្រសើរ និងការប្តេជ្ញាចិត្តក្នុងការកែលម្អ។
ក្រសួងបរិស្ថាន បានរៀបចំជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថានទៅលើ៤ អនុវិស័យ និងមានបេក្ខភាពដែលត្រូវជ្រើសរើសដូចតទៅ ១.អង្គភាពគំរូក្នុងអនុវិស័យនាយកដ្នាន, ២.អង្គភាពគំរូក្នុងអនុវិស័យមន្ទីរបរិស្ថានរាជធានី-ខេត្ត, ៣.អង្គភាពគំរូក្នុងអនុវិស័យតំបន់ការពារធម្មជាតិ និង៤.អង្គភាពគំរូក្នុងអនុវិស័យសហគមន៍តំបន់ការពារធម្មជាតិ៕
ដោយ៖ សិលា