ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ បន្ទាប់ពីអង្គរក្សម្នាក់ជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ធ្វើទស្សនកិច្ច បានឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវ ថា សម្តេចបានទទួលដំណឹងដ៏គួរឱ្យសោកស្តាយមួយថា មានអង្គរក្សម្នាក់ ជាជនជាតិខ្មែរ ដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រី ពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឆ្លងមេរោគកូវីដ-១៩។ សម្តេចនាយករដ្ឋមន្ត្រីក៏ បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា លទ្ធផលធ្វើតេស្តរបស់អង្គរក្សរូបនោះ បានបង្ហាញនៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា រូបគេមានវិជ្ជមានមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា៖ អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ, រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វេីចត្តាទ្បីស័ក។
នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាព័ត៌មានដ៏គួរឱ្យសោកស្តាយ និងជាគ្រោះធំមួយ។ សម្តេចបានអំពាវនាវដល់អ្នកដែលបានទាក់ទងផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ឱ្យយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការធ្វើចត្តាឡីស័ក ហើយអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានចំពោះអ្នកធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធទាំងអស់រួមគ្នាជម្នះនូវឧបស័គនេះ ហើយត្រូវរក្សាអនាម័យ ក៏ដូចជាអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីរៀបចំកន្លែងឱ្យបានសមរម្យដើម្បីធ្វើចត្តាឡីស័កដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយការចំណាយទាំងអស់រាជរដ្ឋាភិបាលជាអ្នករាប់រង។
សូមរម្លឹកថា៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៖ គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
– ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ (ស្មើនឹង ៩៧,៦៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់ ) នៅក្នុងចំនួននេះ មានស្រី ៥៨នាក់ និងបុរស ២៣០នាក់។
– អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩៥នាក់ (ស្រី្ត ៦០នាក់ និងបុរស ២៣៥នាក់) ។
– អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៧នាក់ (បុរស ជនជាតិខ្មែរ ០៣នាក់ ស្រ្តីជនជាតិខ្មែរ ០១នាក់ ស្រ្តីជនជាតិបារាំង ០១នាក់ បុរសជនជាតិប៉ាគីស្ថាន ០១នាក់ និងបុរសជនជាតិឥណ្ឌា ០១នាក់) ៕

ដោយ៖ សិលា


ចែករំលែក៖