ក្រុមអ្នកមានបុណ្យ Barcelona បានវិលត្រឡប់មកធ្វើបានល្អឡើងវិញ ដោយបានបំបាក់ក្រុមភ្ញៀវ Real Betis ក្នុងលទ្ធផល៥ទល់២ កាលពីយប់ថ្ងៃទី៧ វិច្ឆិកា ក្នុងការប្រកួតសប្តាហ៍ទី៧របស់ខ្លួន ក្របខ័ណ្ឌ La Liga រដូវកាល២០២០-២០២១។
ក្រុមម្ចាស់ផ្ទះ Barcelona បានរកគ្រាប់បាល់នាំមុខនៅនាទីទី២២ ដោយខ្សែប្រយុទ្ធ Dembélé ប៉ុន្តែនៅនាទីទី៤៥ជិតចប់ការប្រកួតតង់ទី១ កីឡាករ Sanabria របស់ក្រុម Real Batis បានរក១គ្រាប់សងវិញ។ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធ Griezmann រកបាន១គ្រាប់បន្ថែមទៀតឲ្យ Barcelona ខណៈដែល Messi ទទួលបានបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ និងនៅនាទីទី៨២ រកបាន១គ្រាប់ទៀត រីឯកីឡាករ Loren Morón របស់ក្រុមភ្ញៀវរកបាន១គ្រាប់សងវិញ ខណៈដែលនៅនាទីទី៩០ជិតចប់ការប្រកួតកីឡាករ Pedri រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យ Barcelona ឈ្នះ Real Batis៥ទល់២។
ការប្រកួតនោះកីឡាករ Mandi របស់ក្រុម Real Batis បានបង្កកំហុសរហូតដល់អាជ្ញាកណ្តាលផ្តល់កាតក្រហមនៅនាទីទី៦០ ដែលជាហេតុធ្វើឲ្យក្រុមម្ចាស់ផ្ទះ Barcelona មានឱកាសច្រើនក្នុងការដាក់សម្ពាធទៅលើក្រុមភ្ញៀវ។ ក្រោយពីទទួលបានជ័យជម្នះនេះក្រុម Barcelona បានឡើងមកឈរចំណាត់ថ្នាក់លេខ៨បណ្តោះអាសន្នក្នុងតារាង La Ligaមាន១១ពិន្ទុ ខណៈដែលក្រុម Real Batis ឈរចំណាត់ថ្នាក់លេខ៧ មាន១២ពិន្ទុ។ចំណែកក្រុមដែលកំពុងឈរកំពូលតារាងបណ្តោះអាសន្នគឺក្រុម AtleticoMadrid មាន១៧ពិន្ទុក្រោយពីឈ្នះក្រុម Cádiz ៤ទល់០កាលពីយប់មិញដែរ ប៉ុន្តែចំណាត់ថ្នាក់នេះអាចនឹងប្រែប្រួលប្រសិនបើ Real Madrid ឈ្នះក្រុម Valencia នៅយប់នេះ ៕ដោយ៖ភារៈ