ខេត្តប៉ៃលិន៖ ពលរដ្ឋកំពុងនាំគ្នាភ័យខ្លាចនឹងក្រុមចោរមួយក្រុមដែលតែងដើរអុកឡុកនៅក្រុងប៉ៃលិនដោយកាច់សោ(ក)ម៉ូតូយកទៅដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចខណៈពលរដ្ឋនិងអាជីវករកំពុងអស់សង្ឃឹមលើភូមិឃុំមានសុវត្ថិភាព។
ជាក់ស្តែងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដោយសារពលរដ្ឋ(ចតម៉ូតូ)នៅមុខផ្សារមួយភ្លែតត្រូវចោរកាច់(ក)បើកគេចបាត់ដោយរលូន កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅក្នុងផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីក្នុងភូមិអូរតាពុកលើសង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនារីម្នាក់ឈ្មោះ ហ៊ីម លីហួយ អាយុ១៦ឆ្នាំ ជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពេលចេញពីរៀន រូបគេតែងតែយកម៉ូតូទុកនៅលើចិញ្ចើមផ្លូវជិតតូបលក់អីវ៉ាន់របស់ខ្លួននៅក្នុងផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីខាងលើ ។លុះមកដល់ថ្ងៃកើតហេតុនាងចូលទៅរៀបចំអីវ៉ាន់ដើម្បីបិទតូបលក់ជាមួយឪពុកម្តាយហើយបានទុកម៉ូតូនៅកន្លែងដាក់រាល់ថ្ងៃ ។ពេលបិទតូបរួចរាល់ហើយនោះក៏ចេញមកយកម៉ូតូ បម្រុងជិះត្រឡប់ទៅផ្ទះវិញ ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ក៏ស្រែកឆោឡោរកម៉ូតូបង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករក្នុងផ្សារតែម្តង។
នារីរងគ្រោះបានបញ្ជាក់ថា ម៉ូតូដែលបាត់នោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ (ប៉ៃលិន1C -3426) ទើបនឹងទិញបានប៉ុន្មានខែមុននេះសោះ ។
បើតាមការអះអាងរបស់អាជីវករដែលលក់ដូរទៅចំណុចខាងលើ បានឲ្យដឹងដែរថា ក្នុងករណីនេះមុនពេលកើតហេតុគេឃើញមានមនុស្សប្រុសម្នាក់ពាក់មួក ពាក់ម៉ាស់និងស្ពាយកាបូបមួយដើរទៅដើរមកនៅជុំវិញម៉ូតូដែលបាត់នោះ តែគេស្មានថាជាអ្នកមកទិញអីវ៉ាន់ទើបមិនបានចាប់អារម្មណ៍ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែម្ចាស់ស្រែកថាបាត់ម៉ូតូទើបភ្ញាក់ផ្អើល។
ក្រោយពេលកើតហេតុនារីរងគ្រោះខាងលើក៏បានទូរស័ព្ទទៅប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិនភ្លាមៗ ហើយបន្ទាប់
មកស្រាប់តែឃើញមេប៉ុស្តិ៍ប៉ៃលិនដឹកនាំកម្លាំងបានចុះមកសួរនាំដើម្បីរកមុខសញ្ញាជនសង្ស័យ តែពលរដ្ឋនិងអាជីវករថាករណីនេះកើតមកជាច្រើនដងហើយមិនដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមួយនេះស្រាវជ្រាវរកឃើញនោះទេ ពោលគឺគ្មានសង្ឃឹមនោះឡើយ។យ៉ាងណារហូតមកដល់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០នេះនារីរងគ្រោះមិនទាន់បានទទួលដំណឹងពីសមត្ថកិច្ចថាស្រាវជ្រាវរកឃើញជនសង្ស័យនៅឡើយ៕
ដោយ ៖ ស សារ៉េត