ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ សម្រេចអោយ ពហុកីឡដ្ឋានជាតិអូឡាំពិក ផ្អាកការចេញ-ចូល ជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា សម្រេចផ្អាកការលេងកីឡា និង ការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និង ការផ្អាកដំណើរការសកម្មភាព និង ការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោករដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា អង្គរក្សមួយរូបដែលឆ្លងជំងឺកូវីដ-១៩ និង ជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ២នាក់ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក និង បានទាក់ទងការងារផ្ទាល់ និង ដោយប្រយោលជាមួយបុគ្គលិក៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

បច្ចុប្បន្នអង្គរក្សនិងគ្រូបង្វឹករូបនោះ ត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ដោយឡែកបុគ្គលិកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ៥រូប និង កីឡាករ២រូប ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ និង ធ្វើចត្តាឡីស័ក ។ 

ក្រសួងកំពុងស្រាវជ្រាវបន្តរកជនដែលមានទំនាក់ទំនងជាមួយបុគ្គលិក និង កីឡាករទាំង៨នាក់ ។ ក្រសួងបានទាក់ទងជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំបាញ់ថ្នាំសម្លាប់មេរោគនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង អគារដំបូលទូក សូរីនហ្ស៊ិកាំប៉ូ ៕

ដោយ៖ចេស្តា


ចែករំលែក៖