ព័ត៌មានទាន់ហេតុការណ៍៖

សវនាការអតីតឧកញ៉ា ហូ ចំរើន ត្រូវបានពន្យារពេល !

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលសវនាការលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន ទៅថ្ងៃក្រោយដោយមិនកំណត់ ។ 

ការសម្រេចនេះ ដោយសារមានលិខិតស្នើសុំពីមេធាវីការពារក្តី អោយដើមបណ្តឹងរដ្ឋប្បវេណី បញ្ជាក់ពីមូលហេតុកូនក្តីមានបញ្ហាសុខភាព ។

គួររំលឹកថា អតីតឧកញ៉ា ហូ ចំរើន ដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ នាពេលថ្មីៗនេះ បានពឹងពាក់មេធាវីរហូតដល់៩នាក់ ដើម្បីតតាំងក្តីសំណុំរឿងឆបោកប្រាក់អ្នកវិនិយោគជនជាតិកូរ៉េ រាប់រយលានដុល្លារអាមេរិក ។

អតីតឧកញ៉ា ហូ ចំរើន ទើបត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្សី កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ តាមដីកាបង្គាប់អោយដោះលែងរបស់តុលាការកំពូល ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អតីតឧកញ៉ា ហូ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ពាក់ព័ន្ធករណីបាញ់បោះជិត១០គ្រាប់គំរាម ក្រុមគ្រួសារ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សំណុំរឿងនេះ ត្រូវបានតុលាការផ្ដន្ទាទោសលោក ហូ ចំរើន ដាក់ពន្ធនាគារ១៨ ខែ ។

ស្ថិតក្នុងការឃុំខ្លួនលើបណ្តឹងមួយនេះ លោក ហូ ចំរើន បានរងនូវបណ្តឹងរបស់ក្រុមហ៊ុនចិននិងកូរ៉េ ចំនួន៣ទៀត បានប្ដឹងមកតុលាការពាក់ព័ន្ធនិងបទរំលោភលើទំនុកចិត្ត និង បទឆបោក ដែលមានទឹកប្រាក់ច្រើនរយលានដុល្លារ ដែលមានរឿងខ្លះតុលាការបានកាត់ទោសរួចហើយ និងរឿងខ្លះ តុលាការមិនទាន់បើកសវនាការជំនុំជម្រះនៅឡើយទេ ៕ ដោយ៖ចេស្តា


ចែករំលែក៖