ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញអាវុធនិងគ្រាប់ជាច្រើនប្រភេទនៅចំណុចមាត់បឹង ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីម៉ោង១១:១០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ចុះទៅត្រួតពិនិត្យនៅនឹងកន្លែង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រទះឃើញបានឲ្យដឹងថា គាត់បានធ្វើដំណើរពីផ្ទះទៅរកបេះបន្លែនៅមាត់បឹង(កន្លែងកើតហេតុ)ហើយក៏ប្រទះឃើញកេសដែកមួយបិទជិត។ឃើញដូច្នេះគាត់ក៏យកដៃទៅទាញបង្ហើបមើលឃើញសុទ្ធតែអាវុធក៏រត់ទៅរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកព្នៅបានចុះទៅដល់កន្លែងកើតហេតុរួចយកកេសដាក់អាវុធនោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកេសដែកដែលប្រទះឃើញនោះរួមមាន៖
១-កាំភ្លើងវែងម៉ាកការ៉ាប៊ីន ចំនួន១ដើម។
២-កាំភ្លើងវែងម៉ាកM16 ចំនួន១ដើម។
៣-កាំភ្លើងខ្លីម៉ាកK៥៤ ចំនួន៣ដើម។
៤- កាំភ្លើងខ្លី ម៉ាក P08 ចំនួន២ដើម។
៥- បង់កាំភ្លើងម៉ាកK៥៤ ចំនួន៣បង់ មានគ្រាប់ចំនួន១០៩គ្រាប់។
៦- បង់កាំភ្លើងម៉ាកM16 ចំនួន៣បង់ មានគ្រាប់ចំនួន ៦០គ្រាប់។
៧-បង់កាំភ្លើងម៉ាកការ៉ាប៊ីនចំនួន២បង់ មានគ្រាប់ចំនួន៩គ្រាប់។
៨- ស្រោមកាំភ្លើងខ្លីចំនួន១។
៩- កាំបិតខ្លីចំនួន១ដើម។
១០-ស៉្បាយពណ៌ខ្មៅចំនួន១ដប។
១១-កេសដែកទំហំ(៣០ស.មx៦០ស.ម) ចំនួន១កេស។
បន្ទាប់ពីត្រួតពិនិត្យរួច សមត្ថកិច្ចនគរបាលកំពុងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ