ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមជាកិត្តិយសព្រះរាជពិធីបុណ្យប្រទានភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាវិមានឯករាជ្យ ។

ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧ បានប្រារព្ឋធ្វើឡើងយ៉ាងអធិកអធមក្រៃលែងក្រោមវត្តមានឥស្សរជននយោបាយជាន់ខ្ពស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងស្ថាប័ន មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាលប្រទេសជាមិត្ត យ៉ាងច្រើនកុះករ។

កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតា ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំពេញនូវព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនក្នុងកាទាមទារឯករាជ្យជាតិពិតប្រាកដពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ដោយ៖ស តារា


ចែករំលែក៖