ភ្ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វេីសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់បានសម្រេចហើយតែជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរបណ្ដាលឱ្យដួលត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ២៧៤កែងផ្លូវលេខ២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ មនោរង្សី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ (ប្រើប្រាស់នូវសារធាតុញៀន ) ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកឯជនរងគ្រោះឈ្មោះ ច្រឹង លាងអុី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួលក្នុងភូមិពោធិញាណ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-9779 ចេញពីកន្លែងលក់បន្លែ ក្នុងគោលបំណងយកម៉ូតូទៅផ្ញើនៅសាលារៀន។ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចផ្លូវលេខ២៧៤ កែងផ្លូវលេខ២០៥ ក្រុម៣៣ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្ដូពី ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IL-1681មកពីក្រោយជនរងគ្រោះ រួចធ្វើសម្មភាពលូកដៃឆ្វេងឆក់យកខ្សែ.ករបស់ជនរងគ្រោះបានសម្រេច ហើយក៏ជិះម៉ូតូគេចខ្លួន ភ្លាមៗនោះ ជនរងគ្រោះក៏បានស្រែកថាចោរៗ ដែលធ្វើឲ្យជនសង្ស័យភ័យក៏បើកម៉ូតូជ្រុលទៅបុកជាមួយនឹងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល។បន្ទាប់មកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដែលល្បាតបានទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេី រួមនឹងវត្ថុតាងយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីសាកសួរតែម្ដង។
ជនសង្ស័យខាងលេីរួមនឹងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកខ្សែ.កបានប្រគល់ឱ្យជនរងគ្រោះវិញ៕ដោយ៖ជី ណា