ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៩ខែវិច្ឆិកា បានបញ្ជូនកម្លាំងទាហាន ជិត២.០០០នាក់ទៅកាន់តំបន់ដែលកំពុងតែផ្ទុះសង្គ្រាម Nagorno-Karabakh ដើម្បីរក្សាសន្តិភាព ។
យន្តហោះដឹកជញ្ជូនយោធា ប្រភេទIl-76 បានដឹកកម្លាំងទាហាន ទៅកាន់តំបន់ខាងលើ រួមទាំងរថពាសដែក ៩០ គ្រឿងផងដែរដើម្បីរក្សាសន្តិសុខ ។
តាមការលើកឡើងរបស់កងកម្លាំងរក្សាសន្តិភាព របស់រុស្ស៊ី កម្លាំងទាហាន បានបញ្ជូនទៅកាន់ ទីតាំង ទាហានអាកាស Ulyanovsk ។ កន្លងមកប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា ភាគីនៅក្នុងតំបន់Nagorno-Karabakh បានព្រមព្រៀងឈប់បាញ់ ហើយកិច្ចព្រមព្រៀងនោះ គឺជាក្តីសង្ឃឹមដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់វិវាទជាតិសាសន៍ក្នុងតំបន់Nagorno-Karabakhទាំងមូល។
នៅក្នុងសេចក្តីប្រកាសរួម ស្តីពីបទឈប់បាញ់ត្រូវបានប្រធានាធិបតី Azerbaijan លោក Ilham Aliyev និងនាយករដ្ឋមន្ត្រី Armenia Nikol Pashinyanរួមជាមួយប្រធានាធិបតីពូទីនជា អធិបតីបានចុះហត្ថលេខា ៕ដោយ៖ធី រីណា