ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអធិការកិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្តចុះពិនិត្យណែនាំក្លឹបកម្សាន្ត និងខារ៉ាអូខេ១០កន្លែងក្នុងក្រុងបាត់ដំបងបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩(មានវីដេអូ)

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថាយុទ្ធនាការនេះធ្វើឡើងដោយមានកិច្ចសហការរវាងមន្ត្រីអធិការកិច្ចរបស់មន្ទីរទេសចរណ៍ខេត្តជាមួយនឹងអាជ្ញាធរក្រុងបាត់ដំបងជាច្រើននាក់  នៅវេលាម៉ោង៨យប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះដោយបានចុះត្រួតពិនិត្យនិងណែនាំលើទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្តនានាប្រមាណជាង១០ទីតាំងក្នុងទីប្រជុំជនក្រុងបាត់ដំបង។

 លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអ៊ុច  អ៊ុំភីនីស្សារ៉ា បានបញ្ជាក់បន្តថា យុទ្ធនាការដ៏ចាំបាច់នេះដែរមន្ត្រីជំនាញបានអប់រំណែនាំទៅដល់ម្ចាស់ទីតាំងខារ៉ាអូខេក្លឹបកម្សាន្តនិងភោជនីយដ្ឋានជាច្រើនឲ្យចូលរួមអនុវត្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលស្តីពីការបិទផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្មខារ៉ាអូខេក្លឹបកម្សាន្តឬក្លឹបហាត់ប្រាណប្រជុំដោយមនុស្សច្រើន។

រិតតែសំខាន់ម្ចាស់ទីតាំងទាំងអស់ខាងលើក៏មិនត្រូវលួចលាក់បើកដំណើរការអាជីវកម្មរបស់ខ្លួនស្ងាត់ៗដែរ ពុំនោះទេក្នុងករណីដែលមន្ត្រីជំនាញរកឃើញចំពោះការបំពានល្មើសកិច្ចសន្យា មន្ទីរទេសចរណ៍ និងក្រុមការងារមន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដូចនេះម្ចាស់អាជីវកម្មទាំងអស់ត្រូវតែចូលរួមអនុវត្តតាមក្នុងករណីចាំបាច់នេះឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងកាល:ទេសៈនេះ។

   លោកបានបន្តទៀតថាតាមការត្រួតពិនិត្យជាក់ស្តែងជាលទ្ធផលរាល់បុគ្គលិកបម្រើការនៅតាមភោជនីយដ្ឋាននានាពួកគាត់មានការការពារក្នុងកម្រិតខ្ពស់ដូចជាពាក់ម៉ាស់មានភ្នាក់ងារប្រចាំការក្នុងការបាញ់អាល់កុល ពិនិត្យវាស់កម្តៅនិងដាក់គម្លាតសុវត្ថិភាពរវាងបុគ្គលិក ក៏ដូចជាភ្ញៀវ ថែមទាំងបានបិតប័ណ្ណផ្សព្វផ្សាយពីជំងឺកូវីដ-១៩រួមទាំងការកត់ត្រាឈ្មោះសម្គាល់រាល់ម៉ោងចេញចូលផងដែរ៕

 

ដោយ៖ ស សារ៉េត


ចែករំលែក៖