ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីបង្ក្រាបគ្រឿងញៀននៅត្រើយស្លា! ជាបឋម សមត្ថកិច្ចរំដោះប្រពន្ធមេខ្លោងគ្រឿងញៀនចេញពីជនសង្ស័យបានហើយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ មេខ្លោងគ្រឿងញៀននៅតែបន្តបាញ់គំរាមមកលើសមត្ថកិច្ចជាច្រើនគ្រាប់ ដើម្បីរំដោះខ្លួន។ ប៉ុន្តែសមត្ថកិច្ចមានវិធានការខ្ពស់ ការពារខ្លួន ជាមួយនឹងយុទ្ធសាស្រ្ត ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ កើតឡើង ខណៈជនសង្ស័យបានប្រើប្រាស់កាំភ្លើងអាកាបាញ់ជាច្រើនគ្រាប់ និងជាច្រើនលើក។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលបានដឹកនាំកំលាំងដោយផ្ទាល់ មានទាំងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលស្រុកស្អាង និងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានបញ្ជាក់ឲ្យដឹង នៅវេលាម៉ោង ៦និង៤៥នាទីព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា ៖ កម្លាំងរបស់លោកបានរំដោះប្រពន្ធរបស់ជនសង្ស័យ ពីកន្លែងពួកគេលាក់ខ្លួន។ ការរំដោះប្រពន្ធជនសង្ស័យនេះ ដោយសារសមត្ថកិច្ចព្រួយបារម្ភ ថាជនសង្ស័យអាចនឹងចាប់ប្រពន្ធធ្វើជាចំណាប់ខ្មាំង គំរាមសមត្ថកិច្ច ក៏ដូចជាមានអំពើនេះសកម្មភាពណាមួយកើតឡើង។ ដោយឡែកកូនរបស់ជនសង្ស័យ ឮដំណឹងថាបានរត់ទៅផ្ទះខាងឪពុកម្ដាយជនសង្ស័យ។
លោកស្នងការបានបន្តថា៖ ទោះជាមានការបាញ់ជាច្រើនគ្រាប់ ពីជនសង្ស័យ មកលើសមត្ថកិច្ចនោះក៏ដោយ ជាគោលការណ៍កម្លាំងត្រូវតែព្យាយាមធ្វើយ៉ាងណាប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារខ្លួន និងឃាត់ជនសង្ស័យឲ្យបាន ។ បច្ចុប្បន្នកម្លាំងនៅតែបន្តឡោមព័ទ្ធ រកវិធី ដើម្បីឱ្យជនសង្ស័យសារភាព ប្រគល់ខ្លួនឲ្យសមត្ថកិច្ច បញ្ចៀសការគ្រោះថ្នាក់កើតឡើង។ ចំពោះសិទ្ធិការពារខ្លួនសមត្ថកិច្ចក៏យកចិត្តទុកដាក់។
សមត្ថកិច្ច មានគោលដៅឃាត់ខ្លួនជនសង្ស័យ ឱ្យបានតាមបញ្ជារបស់លោកស្នងការ ដោយមិនមានគ្រោះថ្នាក់ណាមួយកើតឡើង។ជាពិសេសអាចនឹងនាំខ្លួនមេខ្លោងរូបនេះ ឈានដល់បើកការស៊ើបអង្កេតស្រាវជ្រាវរកជនដែលពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀននេះ បន្ថែមទៀត។

ជនសង្ស័យមានឈ្មោះ លៀន ទិត្យ អាយុ ប្រមាណជាង ៣០ឆ្នាំ ។ អាចនឹងជិតអស់គ្រាប់ បើនៅតែបាញ់ គំរាមសមត្ថកិច្ច ហើយសមត្ថកិច្ចបានបាញ់តដៃដែរ តែបាញ់ឡើងលើ ខ្លាចគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ក៏ដូចជាមិនអោយជនសង្ស័យរងគ្រោះ ធ្វើយ៉ាងណាឃាត់ខ្លួនតែប៉ុណ្ណោះ៕ ស្អាង ជ័យ


ចែករំលែក៖