ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ខណៈជននេះបង្ហូរប្រេងសាំងដុតកម្ទេចម៉ូតូអស់មួយកំណាត់មុខគ្រឿង ។
ហេតុការណ៍ហិង្សាក្នុងគ្រួសារដុតកម្ទេចម៉ូតូខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៥៥នាទី យប់ថ្ងៃចន្ទ ៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិឆកញ្ជើបាចដាយ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គាត ពិសី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនសង្ស័យ(គាត ពិសី)បាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុក ។
ប្រភពដដែលបន្តទៀតថា មូលហេតុដែលមានការហិង្សានេះគឺដោយសារជនសង្ស័យផឹកសុីស្រវឹងជោកជាំហើយចង់យកម៉ូតូជិះ ប៉ុន្តែត្រូវបានម្ដាយរារាំង(មិនឲ្យកូនសោ)ធ្វើឲ្យកូនប្រុសចិត្តខ្លាំងរូបនេះ ក្ដៅចិត្តកាន់តែខ្លាំងក៏បង្ហូរប្រេងសាំងពីម៉ូតូដុតតែម្ដង ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់បណ្ដាលឲ្យរងការខូចខាតម៉ូតូកំណាត់មុខ ៕
ដោយ៖ បុឹម ពិន