ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម​ ស​ ខេង​ អញ្ជើញចូលរួមព្រះ​រាជពិធី​ពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នារសៀលថ្ងៃពុធ​ ទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២០ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចូលរួមព្រះ​រាជពិធី​ពន្លត់ភ្លើងជ័យ​ ដែលបានដុតបំភ្លឺក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាវិមានឯករាជ្យ។

សម្រាប់ព្រះរាជពិធីពន្លត់ភ្លើងជ័យនេះ ក៏មានការអញ្ជើញចូលរួមដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានប្រទានភ្លើង​ជ័យនេះ ក្នុង​ព្រះ​រាជពិធី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ កន្លងទៅនេះ​ ដោយត្រូវបាន​រក្សាទុក​រយៈ​ពេល៣ថ្ងៃមកហើយ​ ដែលមាន​កងកម្លាំង៤រូប ឈរ​ប្រចាំការ យាម​នៅ​ទិស​ទាំង៤ នៅ​កណ្តាល​វិមានឯករាជ្យ ទាំងយប់​ទាំង​ថ្ងៃ​៕

ដោយ៖ សិលា


ចែករំលែក៖