ខេត្តស្ទឹងត្រែង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាណងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រយោធភូមិភាគទី១។
សូមបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពអោយបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានាដែលបុព្វបុរសជំនាន់មុនៗបានបង្កើតនិងបន្សល់ទុកអោយជំនាន់ក្រោយ។ សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើមដែលមនុស្សទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថាសង្គ្រាម ការបាក់បែក នឹងចូលខ្លួនមកជំនួសបើអវត្តមានសន្តិភាព ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និងថែរក្សានូវសុខសន្តិភាពដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើងបានរក្សានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រានៃការរីករាលដាលរបស់ជម្ងឺរាតត្បាតកូវីដ-១៩ទូទាំងផ្ទៃប្រទេសយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចធ្វេសប្រហែសចំពោះជម្ងឺនេះទ្បើយ ព្រោះថាអត្រាកើនទ្បើននៃការរីកដាលនៅតាមបណ្តាប្រទេសនានានៅតែបន្ត ដោយសារកើតទ្បើងនូវភាពធូររលង់មួយរយៈពេលខ្លី។ ដូច្នេះហើយ សម្តេចតេជោ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាលដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពអោយបានល្អ ជាពិសេសនៅក្នុងរដូវត្រជាក់នេះ បើមានជម្ងឺផ្តាសាយកើតទ្បើង សូមធ្វើការរូតរះទៅមន្ទីពេទ្យ ដើម្បីចៀសវាងពីការឆ្លងដល់បុគ្គល ហើយចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និងអង្គភាព ប្ញ សហគមន៍ទាំងមូល។ ជម្ងឺនេះគឺជាគ្រោះថ្នាក់ចំពោះមុខ ហើយថែមទាំងបានគំរាមកំហែងដល់សន្តិសុខជាតិ និងអាយុជីវិតយើងនិងក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិទាំងមូល ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលរួមសហការ និងបន្តចាត់វិធានការតឹងរ៉ឹងការពារមិនឲ្យមានការរីករាលដាលកើតទ្បើង ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងប្រទេសរបស់យើង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចទាំងទ្វេ សូមអរគុណ និងកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់បងប្អូនចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងការការពារបូរណភាពទឹកដីដោយភាពសហការ អំណត់អត់ធន់ រួមជាមួយភាពម៉ឺម៉ាត់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ធានាបាននូវសន្តិសុខ និងស្ថិរភាពជូនប្រជាពលរដ្ឋតាមបណ្តោយបន្ទាត់ព្រំដែន និងសូមកោតសរសើរចំពោះការការពារមិនឲ្យមានការរីករាលដាលនូវជម្ងឺរាតត្បាតកូវីដ-១៩ក្នុងអង្គភាព និងគ្រួសាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ៕
ដោយ៖ សូរិយា